រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់មន្ត្រីរាជការ ឱ្យបណ្តុះ និងក្រាលនូវផ្នត់គំនិត នៃវប្បធម៌កត្តញ្ញូ

  • 225
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើដល់មន្ត្រីរាជការ ឱ្យបណ្តុះ និងក្រាលនូវផ្នត់គំនិត នៃវប្បធម៌កត្តញ្ញូ ដោយលើកឡើងថា «កុំដើម្បីតែចង់បានតួនាទី ឬភារកិច្ច ហ៊ាននិយាយសទៅជាខ្មៅ ខ្មៅទៅជាស, កុំដើម្បីតែចំអិនពងមាន់១ ហើយពងមាន់នោះទៀតសោធ ត្រូវបានគេសន្យាថាឱ្យនៅថ្ងៃស្អែក ឬថ្ងៃណាក៏មិនដឹង ហើយហ៊ានសុខចិត្តរុះផ្ទះ៣ខ្នង ដែលដូនតាខំប្រឹងធ្វើឱ្យជ្រក» ត្រង់ចំណុចនេះសូមមន្ត្រីរបស់យើងពិចារណា!

ឯកឧត្តមបានស្នើបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងចែកវត្ថុកំដរដៃ សម្រាប់ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងក្របខណ្ឌ មន្ត្រីកិច្ចសន្យា កម្មករអនាម័យ កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ និងក្រុមជាង ដែលកំពុងបម្រើការងារក្នុងសាលាខេត្ត ដោយបានការចូលរួម ពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ដលពោធិ៍សាត់ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត និង អភិបាលរងនៃគណៈអភិបាលខេត្ត ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា គឺចាប់តាំងពីរូបឯកឧត្តមបានមកដឹកនាំយន្តការខេត្ត បានជាង៧ឆ្នាំមកនេះ ឯកឧត្តមតែងតែជួបប្រាស្រ័យទាក់ទង និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៅក្នុងសាលាខេត្ត ទាំងក្របខណ្ឌកិច្ចសន្យា កងកម្លាំងសន្តិសុខ និងកម្មការអនាម័យ ក្នុងឱកាសពិធីបុណ្យទានម្តងៗ មិនដែលខកខាននោះឡើយ ដើម្បីសម្តែងនូវភាពស្និទ្ធស្នាល គោរពស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ក្រោមដំបូលសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន។ ជាក់ស្តែងសម្រាប់បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ បើទោះបីរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌយ៉ាងណាក្តី ក្នុងនាមពួកយើងជាមហាគ្រួសារតែមួយ ឯកឧត្តមបានចែករំលែកសម្ភារៈមួយចំនួន ដែលបានមកពីការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជន ដើម្បីចែកជូនដល់មន្ត្រីយើងទាំង២១៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, អង្ករដំណើប៥គីឡូក្រាម, សណ្តែកបាយ៣គីឡូក្រាម, តាំងហ៊ុន១កញ្ចប់, មី១កេស, ទឹកដោះគោ៥កំប៉ុង, ត្រីខ១យួរ, ស្ករស២គីឡូក្រាម និងថវិកា១៥ម៉ឺនរៀល សម្រាប់ធ្វើនំចំណីប្រគល់បន្តជូនអ្នកមានគុណ ទៅតាមទំនៀមទម្លាប់ខ្មែរយើង។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលតែងតែខិតខំប្រឹងប្រែងបម្រើការងារ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន សបញ្ជាក់ឱ្យឃើញពីស្មារតីទទួលខុសត្រូវ និងធ្វើជាសេនាធិការឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដែលជាក្បាលម៉ាស៊ីនដឹកនាំ គ្រប់គ្រងនូវរាល់កិច្ចការងារទាំងអស់ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវបើកចិត្តឱ្យទូលាយ ម៉ឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ រាកទាក់ មិនរើសអើង និងមានកិច្ចសហការសាមគ្គីល្អ ជាមួយបណ្តាមន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ និងអង្គការនានា ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានភាពជឿជាក់។ ឯកឧត្តមសូមស្នើដល់មន្ត្រីរាជការទាំងអស់ គប្បីខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ច ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលចំណេះដឹងបន្ថែម ពង្រឹងសមត្ថភាពធនធានមនុស្ស យកចិត្តទុកដាក់គ្រប់គ្រង ថែរក្សាទ្រព្យសម្បត្តិរដ្ឋ ឯកសារ លិខិតស្នាម គោរពច្បាប់ការងារ កាត់បន្ថយភាពអសកម្ម ដើម្បីប្រែក្លាយខ្លួនជាកម្លាំងចលករដ៏រឹងម៉ាំ សម្រាប់បន្តវេនទៅអនាគត។ ជាមួយគ្នានោះ ត្រូវផ្សព្វផ្សារបន្ត និងចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសត្រូវអនុវត្តនូវវិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវី១៩ ឱ្យបានព្រមៗគ្នា។

នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃចំនួន២៨វត្ត ដែលក្នុងនោះវត្តនៅក្នុងក្រុងពោធិ៍សាត់ ចំនួន២២វត្ត និងមកពីស្រុកបាកាន ចំនួន៦វត្ត ដោយក្នុងមួយវត្ត អង្ករ១៥០គីឡូក្រាម, ទឹកសុទ្ធ៣កេស, មី៣កេស, ទឹកផ្លែឈើ៦កេស ក្រៅពីនោះទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ តែ ស្ករស ទឹកដោះគោ និងបច្ច័យចំនួន៥០ម៉ឺនរៀល សម្រាប់ជួយទ្រទ្រង់ចង្ហាន់ ដល់ព្រះសង្ឃ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា បានសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីរកឃើញមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងទីអារាមមួយចំនួន។ ក្នុងសារសំឡេងនោះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនឱ្យកាត់ផ្តាច់ការនាំចង្ហាន់ ឬទេយ្យទាន របស់ប្រជាពុទ្ធបរិស័ទទៅទីអារាមនោះទេ តែត្រូវសហការជាមួយអាជ្ញាធរក្នុងយកចង្ហាន់ ឬទេយ្យទាននោះទៅទីអារាម ដើម្បីការពារការចម្លង និងរីករាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ សង្ឃឹមថា អាជ្ញាធរគ្រប់ផ្នែកនឹងសហការគ្នារិះរកវិធីសហការជាមួយប្រជាពុទ្ធបរិស័ទ ដើម្បីធានាថា ព្រះសង្ឃទទួលបានចង្ហាន់ និងទេយ្យទានក្នុងដំណាក់កាលដ៏លំបាកនេះ៕

Ti Amo (ពស)

អត្ថបទទាក់ទង