រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឧបករណ៍ និងបរិក្ខារតេស្តមេរោគកូវីដ១៩ ប្រភេទCPR ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ ជាជំនួយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ត្រូវបានប្រគល់ជូន មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់

  • 590
  • ដោយ Admin

(ពោធិ៍សាត់)៖ សម្ភារៈ ឧបករណ៍ និងបរិក្ខារតេស្ដមេរោគកូវីដ១៩ ប្រភេទCPR  មានតម្លៃជិត១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ត្រូវបានប្រគល់ជូនដល់មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅក្នុងខេត្ត។ 

ពិធីប្រគល់ទទួល ជំនួយខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសំពៅមាស ដោយបានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់​ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា សម្ភារៈ និងឧបករណ៍ខាងលើ គឺជាអំណោយដ៏ថ្លៃថ្លា របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ តាមរយៈឯកឧត្តម ស៊ុយ សែម និងលោកជំទាវ យកមកប្រគល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មានតម្លៃ៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះមានម៉ាស៊ីនCPR មួយគ្រឿង មានលទ្ធភាពវិភាគ​ បានចំនួន៣៨៤សំណាក ក្នុងមួយលើក, សារធាតុប្រតិករសម្រាប់លាយជាមួយសំណាក ចំនួន៣ពាន់សំណាក, ទូសុវត្ថិភាព សម្រាប់លាយ និងយកសំណាក ចំនួន០៣ទូ, ឧបករណ៍ក្រឡុក និងស្កែនក្នុងដំណើរការវិភាគ ចំនួន០៣គ្រឿង, ឈុតPPE ចំនួន០១កញ្ចប់ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្របន្ទាប់បន្សំមួយចំនួនទៀត។

លោកប្រធានមន្ទីរបន្ថែមថា សម្ភារៈបរិក្ខារដែលទទួលបាននាពេលនេះ គឺជាប្រភេទបរិក្ខារដែលមានសារៈសំខាន់ណាស់ សម្រាប់ពិនិត្យស្រាវជ្រាវមេរោគកូវីដ១៩ ហើយនៅពេលដែលម៉ាស៊ីននេះ ត្រូវបានដាក់ឱ្យដំណើរការ គឺជាឱកាសដែលផ្ដល់ឱ្យមន្ត្រីជំនាញ អាចមានលទ្ធភាពពង្រឹងសមត្ថភាពបន្ថែម ក្នុងការពិនិត្យស្រាវជ្រាវរកមេរោគកូវីដ១៩ និងជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីកាត់បន្ថយជាអតិបរិមា នៃការបញ្ជូនសំណាកទៅភ្នំពេញ ឬទៅបាត់ដំបង ដោយចំណេញពេលវេលា។

ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមអាជ្ញាធរខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ស៊ុយ សែម ដែលបាននាំយកម៉ាស៊ីនCPR មកប្រគល់ជូនខេត្តពោធិ៍សាត់ សម្រាប់ជាតម្រូវការចាំបាច់ ក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩។ ឧបករណ៍ និងសម្ភារៈទាំងអស់នេះ បើគ្មានការយកចិត្តទុកដាក់ខ្ពស់ និងទំនាក់ទំនងល្អ ពីឯកឧត្តមរដ្ឋមន្ត្រីទេនោះ គឺពុំបាននោះឡើយ។ ឯកឧត្តមអភិបាលខេត្តបានកោតសរសើរ ចំពោះឯកឧត្តម ស៊ុយ សែម ដែលតាំងពីដើមមកឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមកសាងនូវសមិទ្ធផលជាច្រើន និងយកចិត្តទុកដាក់ខ្លាំងណាស់ជាមួយប្រជាពលរដ្ឋខេត្តពោធិ៍សាត់។ ឆ្លើយតបទៅតាមសម្ភារបច្ចេកទេសខាងលើនេះ​ ឯកឧត្តមសន្យា នឹងធ្វើការដឹកនាំកម្លាំងសរុប មធ្យោបាយសរុប ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឱ្យបានឆាប់រហ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ប្រទេសកម្ពុជាយើងក៏ជាសមាជិកមួយ នៃអង្គការទីភ្នាក់ងារបរមាណូអន្តរជាតិ ក្នុងចំណោមប្រទេសសមាជិក១៧៣ប្រទេស។ ក្នុងរយៈពេលកន្លងមកនេះ យើងបានស្នើសម្ភារៈ បរិក្ខារបច្ចេកទេសវិទ្យាសាស្ត្រជាច្រើន ដើម្បីយកមកចែកជូនបណ្ដាក្រសួង ដូចជាក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នទំនាក់ទំនងតំណាងឱ្យកម្ពុជា។ ឯកឧត្តមបានបន្តថា ថ្ងៃនេះខេត្តពោធិ៍សាត់ទទួលបានម៉ាស៊ីន សម្រាប់ធ្វើតេស្តCPR ដែលម៉ាស៊ីននេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់រកមេរោគកូវីដ១៩ ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពិសេសកាត់បន្ថយការហត់នឿយ របស់មន្ត្រីសុខាភិបាល ដែលពីមុនមកពេលធ្វើតេស្ត​CPRម្ដងៗ ត្រូវយកទៅធ្វើនៅភ្នំពេញ ឬខេត្តបាត់ដំបង។ ជាមួយគ្នានោះឯកឧត្តម ស៊ុយ សែម ក៏មិនភ្លេចកោតសរសើរ ចំពោះឯកឧត្តមអភិបាលខេត្ត ដែលលោកមានយន្តការដឹកនាំល្អ និងមានការទទួលខុសត្រូវច្បាស់លាស់ ពិសេសការគ្រប់គ្រងជំងឺកូវីដ១៩សព្វថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលបានផ្ដល់ម៉ាស៊ីនCPRនេះ តាមសំណើររបស់ក្រសួងរ៉ែ និងថាមពល សម្រាប់យកមកប្រើប្រាស់ នៅក្នុងខេត្តពោធិ៍សាត់។ ឯកឧត្តមសូមឱ្យមន្ត្រីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រើប្រាស់សម្ភារៈ ឧបករណ៍ និងបរិក្ខារខាងលើនេះ​ ទៅតាមលក្ខណៈបច្ចេកទេស និងមានការថែទាំត្រឹមត្រូវ​ ដើម្បីប្រើប្រាស់បានយូរអង្វែង៕ 

Ti Amo (ពស)

អត្ថបទទាក់ទង