រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ គាំទ្រការចុះផ្សព្វផ្សាយពីការទទួលបង់ពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត របស់សាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់

  • 48
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានអនុញ្ញាត និងគាំទ្រក្នុងការចុះផ្សព្វផ្សាយស្តីពីការទទួលបង់ពន្ធ និងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ របស់សាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់។

បើតាមលិខិតរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «បានឯកភាព និងគាំទ្រការចុះផ្សព្វផ្សាយស្តីពីការទទួលបង់ពន្ធ និងអាករលើរថយន្តគ្មានពន្ធ និងអាករនាំចូលទាំងអស់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ស្របតាមនីតិវិធីច្បាប់ដែលមានជាធរមាន និងស្នើឱ្យប្រធានសាខាគយ និងរដ្ឋាករខេត្ត ត្រូវធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជន ជាពិសេសម្ចាស់រថយន្ត ដែលពុំទាន់បានបង់ពន្ធ និងអាករនាំចូល អំពីការអនុវត្តការប្រមូលពន្ធ និងអាករលើរថយន្ត គ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលជ្រកតាមផ្លាកលេខផ្សេងៗ និងរថយន្តចង្កូតស្ដាំមិនទាន់បង់ពន្ធ និងអាករនាំចូលក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់»

សូមជម្រាថា បើតាមយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សាខាតយនិងរដ្ឋាករខេត្តពោធិ៍សាត់ បានជូនដំណឹងដល់សាធារណជន ជាពិសេសម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ ដែលគ្មានពន្ធ និងអាករនាំចូលក្នុងខេត្តពោធិ៍សាត់ទាំងអស់មេត្តាជ្រាបថា៖

ទី១៖ ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលវេលា ដូចនេះ ម្ចាស់រថយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១០% នៃប្រាក់ពន្ធនិងអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះ មានឱសានវាទចុងក្រោយត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើរថយន្តមានឆ្នាំផលិត២០២១ឡើយ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្ចាស់រថយន្តដែលគ្មានពន្ធ នៅតែត្រូវមកបំពេញកាតព្វកិច្ចពន្ធ និង អាករពេញលេញដដែល ប៉ុន្តែពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធទៀតឡើយ។

ទី២៖ ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកបំពេញបែបបទតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក ១០% រួចត្រូវយករថយន្តនោះទៅកែចង្កូតពីស្ដាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ទើបម្ចាស់អាច មកទទួលយកបង្កាន់ដៃពន្ធ និងលតាបត្ររថយន្តពីមន្ត្រីគយ នៃសាខាតយ និងរដ្ឋាករខេត្តពោធិ៍សាត់បាន។

ទី៣៖ គំរូពាក្យសុំបង់ពន្ធ និងអាករសម្រាប់រថយន្តគ្មានពន្ធដូចបានរៀបរាប់ខាងលើ មានចែកជូនដោយឥតគិតថ្លៃនៅការិយាល័យរដ្ឋបាលនិងគ្រប់គ្រង នៃសាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់រៀងរាល់ម៉ោងធ្វើការ។

ទី៤៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធដែលសាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់បង្ក្រាបបាននឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំពោះរថយន្តចង្កូតស្ដាំ ដែលជាប្រភេទរថយន្តហាម ឃាត់នាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។

អាស្រ័យហេតុនេះ សូមម្ចាស់រថយន្តគ្មានពន្ធក្នុងខេត្តពោធិ៍សាត់ទាំងអស់មេត្តាស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល ដូចមានចែងក្នុងសេចក្តីជូនដំណឹងនេះ ឱ្បានរួសរាន់ និងទាន់ពេលវេលា៕

អត្ថបទទាក់ទង