រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលស្រុកក្រគរ ច្រានចោលការចុះផ្សាយព័ត៌មាន របស់សារព័ត៌មានចុងសប្តាហ៍ ដែលថាប្រជាពលរដ្ឋ២០០គ្រួសារ ផ្ទុះការតវ៉ាបិទផ្លូវរឿងទំនាស់ដីធ្លីនៅស្រុកក្រគរ ផ្ទុយទៅវិញគឺក្នុងដែនសមត្ថកិច្ចស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងទេ

  • 623
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមប្រកាសព័ត៌មានដល់សាធារណៈជន​ ឱ្យបានជ្រាបថា៖ ចំពោះសារព័ត៌មានចុងសប្តាហ៍ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ចុះផ្សាយថា បងប្អូនពលរដ្ឋចំនួន២០០គ្រួសារ នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បិទផ្លូវជាតិតវ៉ាករណីដីធ្លីនេះ មិនស្ថិតនៅក្នុងដែនដីរដ្ឋបាលឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ទេ គឺស្ថិតនៅចំណុចវត្តចំបក់រវឺ ស្ថិតនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ចំណែកដីដែលបងប្អូនតវ៉ា ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាដី ស.ជ.ណ ឆ្នាំ២០១០-ស.ជ.ណ ឆ្នាំ២០១៧ ដែលរាជរដ្ឋាភិបាលបាន ផ្តល់សម្បទានដីសង្គមកិច្ចជូនបងប្អូនពលរដ្ឋនៅក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងសេចក្តីប្រកាសព័ត៌មានបន្តថា ក្រុមការងារសម្បទានដីសង្គមកិច្ច ស្រុកក្រគរ ខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានកាត់ជ្រៀលជូនបងប្អូនពលរដ្ឋ ដែលរស់នៅយូរយារលើដី ស.ជ.ណ ឆ្នាំ២០១០ស.ជ.ណ ឆ្នាំ២០១៧ តាមស្មារតីអង្គប្រជុំរវាងអាជ្ញាធរ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអភិបាលខេត្តពោធិ៍សាត់ និងអភិបាលរងខេត្តកំពង់ឆ្នាំង នៅសាលាខេត្តពោធិ៍សាត់ ។

អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន។

Ti Amo (ពស)

អត្ថបទទាក់ទង