រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ជនរងគ្រោះឆក់ខ្សែភ្លើង ពិការដៃទាំង២ ក្នុងខេត្តពោធិ៍សាត់ ទទួលបានការយកចិត្តទុកដាក់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

  • 390
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត មកប្រគល់ជូនជនរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ ពិការដៃទាំងសង្ខាង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ដោយឆ្លើយតបតាមអនុសាសន៍ណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានឃើញតាមបណ្តាញសង្គមនោះ ក៏បានឱ្យអាជ្ញាធរខេត្ត រួមសហការជាមួយមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងក្រុមគ្រូពេទ្យជំនាញ បានបញ្ជូនជនរងគ្រោះ និងមកធ្វើការវះកាត់ដៃទាំង២ ទទួលបានជោគជ័យ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តមបានថ្លែងជម្រាបជូនក្រុមគ្រួសារជនរងគ្រោះថា នូវរាល់ការព្យាបាល និងការចំណាយផ្សេងៗ រដ្ឋបាលខេត្តជាអ្នករាប់រង និងដោះស្រាយទាំងស្រុង ព្រោះថាយើងជាមហាគ្រួសារតែមួយ ត្រូវតែជួយគ្នាទៅវិញទៅមក តែសូមឱ្យក្រុមគ្រួសារចេះរួមរួមស្រឡាញ់គ្នា គាត់ពិការនេះដោយសារចេញទៅរកស៊ី ដើម្បីចិញ្ចឹមកូនចៅ ហេតុនេះត្រូវតែមើលថែគ្នាជាប់ជាប្រចាំ បើមានការខ្វះខាតអ្វីនោះ សូមមកទំនាក់ទំនងរដ្ឋបាលខេត្ត។ ជាមួយគ្នានោះ ឯកឧត្តមក៏បានសម្តែងការសោកស្តាយដោយមិនបានដឹងអំពីករណីគ្រោះថ្នាក់ រហូតធ្វើឱ្យជនរងគ្រោះ ស្ថិតក្នុងស្ថានភាពបែបនេះកើតឡើង បើមានករណីអ្វីកើតនៅទីណានោះ សូមទំនាក់ទំនងមកអាជ្ញាធរភូមិ ឃុំ ស្រុក និងមកឯកឧត្តមផ្ទាល់ក៏បាន កុំឱ្យដូចករណីនេះទៀត។ អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនជនរងគ្រោះ រួមមានថវិកាចំនួន៤លានរៀល ទឹកផ្លែឈើ២កេស និងទឹកដោះគោឆៅ៥យួរ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ មានករណីខ្សែភ្លើងឆក់ នៅចំណុចភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកើតឡើងមកលើជនរងគ្រោះឈ្មោះ ធឿង សុថាន់ ភេទប្រុស អាយុ៤០ឆ្នាំ (ជាជាងដែក) រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង ស្រុកបាកាន ជនរងគ្រោះបានទៅតសំយ៉ាបផ្ទះឱ្យឈ្មោះ ឈូក សុភក្តី ភេទប្រុស អាយុ៤១ឆ្នាំ នៅចំណុចកើតហេតុ។ ពេលកំពុងតែលើកដែក ស្រាប់តែប៉ះនឹងខ្សែភ្លើង បណ្តាលឱ្យឆក់ធ្លាក់ពីលើសំយ៉ាប បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកបាកានតែម្តង។

ដោយហេតុតែស្តាយដៃទាំងសង្ខាង មិនព្រមឱ្យគ្រូពេទ្យកាត់ ក្រុមគ្រួសារជនរងគ្រោះក៏ព្យាយាមព្យាបាលដោយខ្លួនឯង តែដោយអាក្ការៈដៃនោះមើលទៅបែបមិនជា ក្រុមគ្រួសារជនរងគ្រោះក៏សម្រេចចិត្តបង្ហោះតាមបណ្តាញព័ត៌មានសង្គម ទើបដំណឹងនេះ បានមកដល់សម្តេចកិត្តិ ហើយសម្តេចកិត្តិបានចាត់ឱ្យឯកឧត្កម ម៉ៅ ធនិន ឆ្លើយតប និងជួយសង្គ្រោះបន្ទាន់ ដូចជាថ្ងៃនេះផ្ទាល់ ជនរងគ្រោះត្រូវបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ រហូតជាសាស្បើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង