រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់​ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនកុមារ អាយុ៦ឆ្នាំ ដល់១២ឆ្នាំ នៅសាលាបឋមសិក្សាពោធិ៍សាត់ និងបឋមសិក្សាព្រៃញី (Video inside)

  • 754
  • ដោយ Admin
https://youtu.be/w6SN8cLNh2g

(ពោធិ៍សាត់)៖ ​ឯកឧត្តម​ ម៉ៅ ធនិន អភិបាលនៃ​គណៈ​អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការចំពោះកិច្ច​ ចាក់វ៉ាក់សាំងកូវីដ១៩​ ក្នុងក្របខណ្ឌខេត្ត នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី​ ក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺ​កូ​វី​ដ១៩ ជូន​ដល់​កុមារ​ ដែល​មាន​អាយុ​ចាប់ពី៦ឆ្នាំ ​រហូតដល់១២​ឆ្នាំ ដែលពិធី​នេះ​ត្រូវបានធ្វើ​ឡើង នៅក្នុង​បរិវេណសាលាបឋមសិក្សាពោធិ៍សាត់ និងសាលាបឋមសិក្សាព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

​មានប្រសាសន៍ក្នុង​អង្គពិធី ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ​ការចាក់​វ៉ាក់សាំង ដូ​សទី​១ សម្រាប់​កុមារនាពេលនេះ​ គឺជា​ការ​គិតគូរ ​និងយកចិត្ត​ទុកដាក់ខ្ពស់ ​របស់​សម្តេចតេ​ជោ​ ហ៊ុន សែន ប្រមុខ​នៃរាជរដ្ឋាភិបាលកម្ពុជា មកលើ​កុមារ​ដែលមាន​អាយុ​ចាប់ពី ៦ឆ្នាំ ​រហូតដល់១២ឆ្នាំ​ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​ការ​បើក​សាលាបឋមសិក្សា​ឡើងវិញ ខណៈពេលដែល​កុមារ​ដែលមាន​អាយុ១២ឆ្នាំ ​រហូតដល់១៨ឆ្នាំ បាននឹង​កំពុងតែបន្ត​ចាក់វ៉ាក់សាំងដូ​សបន្ត ហើយ​ឈានទៅដល់​ការបើក​សាលា​ឱ្យ​ដំណើរការ​ទូទាំងប្រទេស​។

ឯកឧត្តម បានបន្ថែមថា​ បើទោះបីជា​សិស្សានុសិស្ស ឬ​កុមារ​តូចៗ ​ដែល​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ នឹង​ត្រូវបាន​ចូលរៀន​នៅ​សាលា​សារជាថ្មីក្តី ក៏ក្មួយៗត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​និងត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ក៏ដូចជាវិធានការ «៣កុំ​ ៣ការពារ» របស់​សម្ដេច​តេ​ជោ​ ដោយ​មុននឹង​ចូល​សាលា​ត្រូវ​ពាក់​ម៉ាស បាញ់​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បង្ការទប់ស្កាត់​ការឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។

​ប្រជាពលរដ្ឋ ដែលជា​មាតាបិតា និងអាណាព្យាបាលសិស្ស បាន​សម្តែងង​នូវ​សេចក្តីត្រេកអរឥតឧបមា ​ដោយបានឃើញ​កូន​ចៅជាទី​ស្រឡាញ់​របស់ពួកគាត់ បានទទួល​វ៉ាក់សាំងការពារ​ ជំងឺកូវីដ១៩ ហើយពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ។ ជាមួយគ្នានោះ ពួកគាត់បាន​សប្បាយចិត្ត​ជាខ្លាំង ​ខណៈពេលដែលកូនៗចៅៗ​របស់​ពួកគាត់​ បាន​ចូលរៀន​សារ​ឡើងវិញ បន្ទាប់ពី​បិទ​សាលា​មួយ​រយៈ​កន្លងមក និង​សង្ឃឹមថា​មេរោគ​ដ៏​សាហាវ​នេះ ឆាប់រលាយសូន្យ​នាពេល​ខាងមុខ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានទទួលអំណោយពីសប្បុរសជន ដែលបានឧបត្ថម្ភអង្ករ ចំនួន២តោន សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង