រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ នឹងបើកដំណើរការសាកល្បង ឱ្យសិស្សចាប់ពីថ្នាក់ទី០៩ ដល់ទី១២ បានចូលរៀនឡើងវិញ ពីថ្ងៃទី១៥ ខែកញ្ញា តទៅ!

  • 981
  • ដោយ Admin

(ពោធិ៍សាត់)៖ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នឹងបើកដំណើរការសាកល្បង ឱ្យសិស្សចូលរៀនវិញ ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខតទៅ។ ខណៈការបើកដំណើរការសាលារៀនឡើងវិញនេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ក៏ដូចជាវិធានការសុខភាព របស់ក្រសួងសុខាភិបាល។

នេះបើយោងតាមកិច្ចប្រជុំពិភាក្សាការងារមួយចំនួន ដើម្បីត្រៀមបើកដំណើរការឱ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញ ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅវេទិកាដោះស្រាយក្តីក្នុងសាលាខេត្ត ក្រោយពីមានអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ឆ្លងតាមការពិគ្រោះ និងផ្លាស់ប្តូរយោបល់គ្នា ឯកឧត្តមសូមឯកភាពនូវមតិចូលរួមមួយចំនួន របស់សមាជិកសមាជិកា ដោយសូមឱ្យបើកដំណើរការសាកល្បង ដំបូងពីថ្នាក់ទី០៩ ដល់ថ្នាក់ទី១២ ពោលគឺពីកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខតទៅ ដែលពួកគេអាចធានាបានថា​ គ្មានហានិភ័យ ក្នុងការចម្លងជំងឺកូវីដ១៩ ព្រោះពួកគេបានទទួលវ៉ាក់សាំងគ្រប់ដូសហើយ។ ចំពោះលោកគ្រូ អ្នកគ្រូ ក៏ត្រូវបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ដែរ ទើបអនុញ្ញាតឱ្យចូលបង្រៀន។ ហើយប្រសិនបើលោកគ្រូ អ្នកគ្រូ ដែលមិនបានចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឱ្យចូលបង្រៀននោះទេ ប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់។

ឯកឧត្តមបានមានប្រសាសន៍ថា ដើម្បីត្រៀមបើកសាលាឡើងវិញ រដ្ឋបាលខេត្ត នឹងជ្រើសរើសយកសាលា ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ ឱ្យបើកដំណើរការសាកល្បងមុនគេ និងឈានទៅបើកសាលាបន្តបន្ទាប់យោងតាមស្ថានភាពសមស្របណាមួយ។

ទន្ទឹមនឹងនោះ ឯកឧត្តមបានធ្វើការណែនាំ ដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំស្រុក\ក្រុង នាយកសាលា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន មុននឹងបើកសាលាសាកល្បងឡើងវិញ ត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ក៏ដូចជាវិធានការសុខភាព របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ហើយប្រសិនបើមានបញ្ហានៅទីតាំងណាមួយនោះ គ្រប់ការិយាល័យអប់រំស្រុក\ក្រុង ត្រូវទទួលខុសត្រូវរួម និងធ្វើការទំនាក់ទំនងផ្ទាល់តាមរយះ «អាយកូម» សុំគោលការណ៍ភ្លាម។ ជុំវិញការលក់ដូរក្នុង និងជាប់របងសាលា ត្រូវផ្អាកជាបណ្តោះអាសន្ន រងចាំការណែនាំថ្មី។ ការិយាល័យអប់រំស្រុកក្រុង ត្រូវចាត់ចែងវេនចុះត្រួតពិនិត្យ និងធ្វើការអំពាវនាវដល់អាណាព្យាបាលសិស្ស រៀបចំវេចខ្ចប់អាហារដល់ពួកគេ មុននឹងមកដល់សាលា៕

Ti Amo (ពស)

អត្ថបទទាក់ទង