រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អបអរសាទរ! គ្រាន់តែស្ថានភាពកូវីដ១៩ បានធូរស្បើយបន្តិច អភិបាលខេត្តពោធិ៍សាត់ បានសម្របសម្រួល និងដោះស្រាយបញ្ចប់បញ្ហាជូនពលរដ្ឋ បាន១០ករណីនៅថ្ងៃនេះ (Video inside)

  • 471
  • ដោយ Admin
https://youtu.be/2xOHSSq1yB4

(ពោធិ៍សាត់)៖ ទំនាស់ ក៏ដូចជាបញ្ហាប្រឈម ដែលជាតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រមាណជា១០ករណីផ្សេងគ្នា ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្វើការដោះស្រាយបញ្ចប់​ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្តែង និងទៅតាមតួនាទីជាសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងវេទិកាដោះស្រាយក្តី ដែលធ្វើឡើងរវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងប្រជាជន ចាប់ពីវេលាម៉ោង ៩ និង០០នាទីព្រឹក រហូតដល់ម៉ោង ១ និង៤៥នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

កិច្ចដំណោះស្រាយខាងលើ ធ្វើឡើងក្រោយពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយបន្តិច ខណៈដែរខកខានមួយរយៈ ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោក លោកស្រី​ ប្រធាន​ អនុប្រធានការិយាល័យប្រជាពលរដ្ឋ អភិបាលក្រុងស្រុក អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធផ្សេងទៀត។

បើតាមលោក គឹម​ ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា នេះគឺជាទម្លាប់ ដែលឯកឧត្តមតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយសេចក្តី។ ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តមបានផ្អាកការធ្វើវេទិកាដោះស្រាយជាលក្ខណៈទ្រង់ទ្រាយធំមួយរយៈ ទើបតែស្ថានភាពនេះធូរស្បើយបន្តិច ឯកឧត្តមបានសម្រេចជ្រើសរើសសំណុំរឿង ដែលចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ធ្វើការសម្របសម្រួល និងដោះស្រាយ។ ជាក់ស្តែងនាព្រឹកនេះ គឺមានចំនួន១០ករណី រួមមាន «ករណីលួចធ្វើប្លង់ដី, ករណីបោកលុយរត់ការប្លង់ដី, ករណីម្តាយក្មេងបណ្តេញចេញពីផ្ទះ,​ ករណីសុំទាមទារទ្រព្យសម្បត្តិ, ករណីសុំធ្វើប្លង់កាន់កាប់ដី, ករណីបែងចែកដី, ករណីទំនាស់ដីកេរត្តិ៍, ករណីហឹង្សាក្នុងគ្រួសារ,​ ករណីជំពាក់ប្រាក់ធនាគារ និងករណីបញ្ចាំមាស» ដែលកិច្ចការទាំងនេះ ត្រូវបានអនុវត្តន៍តាមវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។

លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្តថា យន្តការដែលឯកឧត្តមកំពុងតែដើរនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈវេទិកាសាធារណៈ ដែលបានចង្អុលបង្ហាញឱ្យថ្នាក់ក្រោមជាតិ ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

តាមរយៈវេទិកាសម្របសម្រួល និងដោះស្រាយខាងលើ បានធ្វើឱ្យប្រជាពលរដ្ឋមានការទទួលយក និងសាទរយ៉ាងខ្លាំង ចំពោះយន្តការដោះស្រាយដ៏មានប្រសិទ្ធភាព ជាពិសេសពួកគេបានគោរពថ្លែងអំណរគុណយ៉ាងអណេក ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់ជូនអភិបាលខេត្តដ៏ល្អយល់អំពីសុខទុក្ខរបស់ពលរដ្ឋ។ មួយវិញទៀតប្រជាពលរដ្ឋដែលមកទទួលដំណោះស្រាយ ខ្លះក៏ទទួលបានអង្ករ សារុង ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង