រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះ២៥០ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ (Video inside)

  • 837
  • ដោយ Admin

(261) ប្រគល់ផ្ទះ ២៥០ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ - YouTube

(ពោធិ៍សាត់)៖ នាថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលផ្ទះ ជំហានទី២ ចំនួន២៥០ខ្នងទៀត ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន២៥០គ្រួសារ រស់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងចំណោមផ្ទះ២៥០ខ្នងនេះ មានផ្ទះចំនួន១០ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលេីត្បូង។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានមានមតិស្វាគមន៍ និងបានលេីកឡេីងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេសអតីតយុទ្ធជន និងបានសម្តែងនូវការគោរពកោតសសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយវីរភាព របស់អតីតយុទ្ធជន និងគ្រួសារ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនជាតិមាតុភូមិ។

ក្នុងនាមកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

លោកជំទាវ បានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរយ៉ាងហ្មត់ចត់ ដែលក្នុងនាមជាភរិយារបស់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអ្នកដែលធ្លាប់បានចូលរួមតស៊ូរំដោះជាតិក្រោមការដឹកនាំរបស់ សម្តេចព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាពេលកន្លងមក ធ្វេីឱ្យសម្តេច តែងតែចងចាំជានិច្ច និងតបស្នងក្នុងនាមស្ថាប័នមនុស្សធម៌ តាមរយៈការសាងសង់ផ្ទះ និងផ្តល់អំណោយជាស្បៀង-សម្ភារ ដេីម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនដល់បងប្អូនអតីតយុទ្ធជននាពេលនេះ»

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា សម្រាប់ការសាងសង់ផ្ទះចំនួន ៦២៨ខ្នង ជូនអតីតយុទ្ធជនទាំង ៦២៨គ្រួសារ ដែលរស់នៅក្នុងភូមិដែលទេីបនឹងអភិវឌ្ឍថ្មីនេះ ហេីយជឿជាក់ថា អតីតយុទ្ធជនទាំងអស់ នឹងចាប់ផ្តេីមកសាងជីវិតថ្មី នៅលេីទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម មានសុភមង្គល និងមានជីវភាពរីកចម្រេីនរុងរឿងតរៀងទៅ។

លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសេីរចំពោះឯកឧត្តម ម៉ៅ ធនិន ដែលបានដឹកនាំកងកម្លាំង និងជំនាញគ្រប់លំដាប់ថ្នាក់, កងវិស្វកម្មសម្តេចតេជោ ដឹកនាំដោយឯកឧត្តម ខេង សាម៉េត, កម្លាំងក្រុមជាងរបស់សមាគមអតីតយុទ្ធជនកម្ពុជា និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់សព្វបែបយ៉ាងដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យទទួលបានសមិទ្ធផលធំធេងនាពេលនេះ។

លោកជំទាវ បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ តាមរយៈអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា របស់រាជរដ្ឋាភិបាល អនុវត្ត «៣ការពារ ៣កុំ» និងការធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

ថ្លែងពីវេទិកានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ និងសូមជូនពរជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា។

ជំនួសមុខឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់ និងក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្វាយព្រះពរ ហ្លួងម៉ែ ជាម្ចាស់ជីវិតលេីត្បូង និងសូមសម្តែងនូវការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ជាពិសេសខិតខំអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដេីម្បីបានថវិកាយកមកសាងសង់ផ្ទះ ទុកជាកេរមរតកដ៏ថ្លៃថ្លាជូនអតីតយុទ្ធជនកម្ពុជានាពេលនេះ រួមជាមួយសម្ភារសម្រាប់ឡេីងផ្ទះជាច្រេីនមុខទៀតផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រគល់ផ្ទះ ចំនួន៥០ខ្នងម្តងរួចមកហើយ។ ផ្ទះដែលបានសាងសង់ជូនអតីតយុទ្ធជននេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣.៥០០ដុល្លារអាមេរិក។ ដោយឡែកបង្គន់អនាម័យដាច់ដោយឡែក មានតម្លៃ២៧០ដុល្លារអាមេរិក។

ក្នុងពិធីប្រគល់ផ្ទះនាព្រឹកមិញនេះ ក៏មានការផ្តល់អំណោយសម្រាប់សង្កត់ផ្ទះ ដោយមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប, ទឹកស៊ីអ៉ីវ៦ដប, ប្រេងឆា៤លីត្រ, អំបិល២គីឡូក្រាម, ដុំស៊ុបខ្នរ១០ប្រអប់តូច, ម្ស៉ៅសាប៊ូ២គីឡូក្រាម, ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, កន្ទេល១, ពាងទឹក១, ប៉ោតទឹក២, ចបកាប់១, កាំបិតផ្គាក់១, កំសៀវទឹក១, ឆ្នាំងបាយ១, ឆ្នាំងសម្ល១, ជ្រុញ១, ខ្ទះឆា១, ចានបាយ១២, ចានសម្ល៦, ចានដែកធំ-តូច២, កាំបិតធំ-តូច២, វែកបាយ២, វែកសម្ល២, វែកឆា២, សម-ស្លាបព្រា១២គូ, កែវទឹក១២, បោយទឹក២ និងថវិកា ១០ម៉ឺនរៀល៕

Ti Amo (ពស)

អត្ថបទទាក់ទង