រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ (ជាដូសជំរុញ) ជូនដល់មន្រ្តីជួរមុខ ដែលប្រឈមនឹងហានិភ័យឆ្លងជំងឺកូវីដ បំប្លែងថ្មី Delta (Video)

  • 788
  • ដោយ Admin
https://youtu.be/OP5RywiH4Pk

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ (ជាដូសជំរុញ) ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣បន្ថែម ដើម្បីជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួន ប្រឆាំងនឹងជំងឺកូវីដ១៩ បំប្លែងថ្មី ជូនដល់មន្ត្រីជួរមុខរួមមាន៖ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ ក្រុមយុវជន ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីរាជការ និងកងកម្លាំងជួរមុខនៅក្នុងខេត្ត ជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ ក្រុមយុវជន កងកម្លាំងសមត្ថកិច្ច និងមន្ត្រីស៊ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្ម គ្រប់សកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាឱកាសក្នុងការបម្រើជាតិ និងបម្រើរាស្ត្រ ដែលមិនអាចគេចវេសពីតួនាទី ការងារ និងភារកិច្ចនេះបានឡើយ។

សូមជម្រាបថា នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ម្សិលមិញ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន៧,៥២០ដូស ត្រូវបានដឹកមកដល់ខេត្តពោធិ៍សាត់ ដើម្បីចាក់ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរជាច្រើន បានវិលត្រឡប់មកពីប្រទេសថៃ។

កាលពីដើមខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទDelta ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង ប្រភេទAstraZeneca (ជាដូសជំរុញ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន Sinopharm ឬ Sinovac។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង