រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកក្រគរ និងដីកាតែងតាំងមន្ត្រីចំណុះឱ្យរដ្ឋបាលស្រុក ចំនួន០៥រូប

  • 976
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ និងដីកាតែងតាំងមន្ត្រីចំណុះឱ្យរដ្ឋបាលស្រុក សរុបចំនួន០៥រូប។ ពិធីនេះ ត្រូវបានធ្វើឡើងនៅបរិវេណសាលាស្រុក ដោយបានការចូលរួមពីលោកស្រី ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងតាមប្រកាសលេខ ៤៥៩ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចផ្ទេរភារកិច្ច លោក គី គឹមណូ ឋានន្តរស័កនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងស្រុកកណ្ដៀង ឱ្យទៅកាន់មុខតំណែងជាអភិបាលរងស្រុកក្រគរ ជំនួសលោក សុខ ឃន ឋានន្តរស័កនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងស្រុកក្រគរ ឱ្យទៅបម្រើការងារជាមន្ត្រីសាលាខេត្តពោធិ៍សាត់។ និងមន្ត្រីចំណុះឱ្យរដ្ឋបាលស្រុក០៤រូបផ្សេងទៀត ត្រូវបានទទួលដីកាតែងតាំង ពីរដ្ឋបាលខេត្ត។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ និងដីកាតែងតាំងមន្ត្រីចំណុះឱ្យរដ្ឋបាលស្រុកនោះរួចមក លោក គី គឹមណូ ដែលទើបទទួលបានភារកិច្ចថ្មី ជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ បានប្តេជ្ញាចិត្តដូចតទៅ៖ ទី១-ប្តេជ្ញាអនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទី២-ប្តេជ្ញាអនុវត្តឱ្យបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល។ ទី៣-គោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល។ ទី៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនបង្ករភាពអសកម្មផ្សេងៗ។ ទី៥-បង្កើនការរៀនសូត្រ ស្រាវជ្រាវរាល់គន្លឹះ អំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។ និងទី៦-ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតី សាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោកអភិបាលនៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការគ្រប់អង្គភាពជុំវិញស្រុក កងកំលាំងប្រដាប់អាវុធ និងបណ្តាអាជ្ញាធរឃុំទាំងអស់ទូទាំងស្រុក ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន តាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឯកឧត្តមបានបន្ថែមថា តួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែក ម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់ ដូច្នេះហើយត្រូវយកតួនាទីនេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ ជាងនេះទៅទៀត គប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវគ្រួសារ ដោយប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម កុំយកទួនាទី ទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តផែនការដែលបានដាក់ចុះកន្លងមកឱ្យមានប្រសិទ្ធភាព និងធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបម្លែងថ្មី។ ជាមួយគ្នានោះ ត្រូវធ្វើការត្រួតពិនិត្យ ក្តាប់សភាពការរួម អំពីអ្នកចំណូលថ្មី បន្តពង្រឹងការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈម ចំពោះប្រពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ ព្រោះថាកត្តាមូលដ្ឋាន គឺជាកត្តាកំណត់ភាពជោគជ័យទៅថ្ងៃខាងមុខ៕

Ti Amo (ពស)

អត្ថបទទាក់ទង