រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជិត២០ឆ្នាំ ជូនប្រជាពលរដ្ឋស្រុកវាលវែង «ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»

  • 787
  • ដោយ Admin

(ពោធិ៍សាត់)៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ដែលមានអាយុកាល ជិត២០ឆ្នាំ ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ដោយជោគជ័យ «ដោយគ្មាអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា» រវាងប្រជាពលរដ្ឋឈ្មោះ ស្វាយ សាម៉េត ជាមួយឈ្មោះ ចាន់ នួន ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កិច្ចសម្របសម្រួលក្រៅប្រព័ន្ធតុលាការខាងលើនេះ ធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុកវាលវែង ដោយបានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត អាជ្ញាធរស្រុក ឃុំ និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ម៉ៅ ធនិន បានប្រាប់ភាគីពាក់ព័ន្ធទាំងអស់ថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ធ្លីធ្លីដ៏រ៉ាំរ៉ៃនេះ ស្របតាមគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នានោះ តម្រូវឱ្យភាគីទាំងសង្ខាង បើកចិត្តឱ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវ​សម្បទាន​គ្នាទៅវិញទៅមក ព្រោះថានៅចំពោះមុខនេះ គឺសុទ្ធតែជាសាក្សីដែលដឹងឮទាំងអស់។

ឯកឧត្តមបន្តថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ប៉ុណ្ណោះ ក៏ប៉ុន្តែចំណងមិត្តភាព អ្នកភូមិផង និងមានឈាមជ័រជាខ្មែរតែមួយ គឺមានជារៀងរហូត ជាក់ស្តែងបងប្អូនពូមីញសុទ្ធតែចាស់ៗអស់ទៅហើយ ត្រូវធ្វើជាគម្រូល្អដល់កូនចៅជំនាន់ក្រោយ»។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីឯកឧត្តមមកដឹកនាំយន្តការខេត្ត បានជាង៧ឆ្នាំមកនេះ គឺឯកឧត្តមបានដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លី បានជាច្រើនករណីមកហើយ ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា។

ចំពោះបញ្ហាទំនាស់ដីធ្លីនាពេលនេះ គឺកើតមានជាយូរយារណាស់មកហើយ រហូតឡើងទៅដល់អំណាចតុលាការ នៅតែមិនចប់ ដូច្នេះបើបងប្អូនពូមីញ យល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នា ហើយនោះ ឯកឧត្តមនឹងបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ព្រមទាំងចាត់ឱ្យមន្ទីរជំនាញ រៀបចំប្លង់កម្មសិទ្ធិជូនឱ្យបានឆាប់រហ័ស។

សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត ក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឱ្យភាគីទាំងសង្ខាង យល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹង ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ដោយបែងចែកឱ្យអ្នកស្លាប់(ក្រុមគ្រួសារ) ចំនួន២០ម៉ែត្រ នៅសល់ដី១៣០ម៉ែត្រ បែងចែកជូនទៅភាគីលោក ស្វាយ សាម៉េត ចំនួន៦០ភាគរយ និងនៅសល់៤០ភាគរយទៀត បែងចែកទៅភាគីលោក ចាន់ នួន។

ភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ មកលើចំណាត់ការដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលយុទ្ធនាការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្ត៕

Ti Amo (ពស)

អត្ថបទទាក់ទង