រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពង្រឹងការងារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្ត

  • 730
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ (Covid-19) នៅក្នុងខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយសេចក្តី ជូនប្រជាពលរដ្ឋក្នុងសាលាខេត្ត ដោយបានការចូលរួមពីលោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលក្រុងស្រុក និងប្រធានការិយាល័យស្រុកប្រតិបត្តិមួយចំនួនទៀត។

បន្ទាប់ពីលោកប្រធានការិយាល័យស្រុកប្រតិបត្តិតាមបណ្តាស្រុក, អភិបាលនៃគណៈអភិបាលក្រុងស្រុក, ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកប្រធានលេខាធិការដ្ឋាន បានរាយការណ៍ពីសកម្មភាពសម្រេចបាន និងបញ្ហាប្រឈម ក្នុងពេលប្រតិបត្តិការណ៍ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន និងដែនសមត្ថកិច្ចរបស់ខ្លួននោះរួចមក, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី១៩ បានណែនាំឱ្យអាជ្ញាធរក្រុងស្រុក ត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ និងក្តាប់សភាពការរួម ព្រមទាំងត្រួតពិនិត្យអ្នកចំណូលថ្មី បន្តពង្រឹងការគ្រប់គ្រង ការធ្វើចត្តាឡីស័កតាមខ្នងផ្ទះ ដោយមានការចូលរួមពីមេភូមិ អនុភូមិ និងយុវជន ព្រោះថាកត្តាមូលដ្ឋាន គឺជាកត្តាកំណត់ភាពជោគជ័យទៅថ្ងៃខាងមុខ។ ជាមួយគ្នានោះ ឯកឧត្តមបានជម្រុញឱ្យអាជ្ញាធរក្រុងស្រុក ចុះប្រជុំ និងដាក់ផែនការ តាមបណ្តាភូមិ និងកសាងកម្លាំងគ្រូបង្គោល ដើម្បីអាចមានលទ្ធភាពធ្វើតេស្តរហ័សបាន ក្នុងករណីសង្ស័យ មានផ្ទុកជំងឺកូវីដ១៩។

ឯកឧត្តមក៏បានពង្រឹងបន្ថែម ដល់ការគ្រប់គ្រង និងព្យាបាលអ្នកជំងឺកូវីដ១៩ បូករួមទាំងការប្រើប្រាស់ថ្នាំ ការទទួលទានអាហារ ការហាត់ប្រាណ និងការសម្រាក ឱ្យមានលក្ខណៈជារួម និងច្បាស់លាស់ ដោយកំណត់តាមអាយុ និងប្រភេទនៃជំងឺ។ ឯកឧត្តមក៏បានបញ្ជាទិញរថយន្តដឹកសព១គ្រឿង ដើម្បីជូនដំណើរជនរងគ្រោះ ដែលស្លាប់ដោយជំងឺកូវីដ១៩ ទៅឈាបនដ្ឋានដែលបានរៀបចំរួច ហើយកិច្ចការទាំងអស់នេះ គឺជាកាតព្វកិច្ចរបស់លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ដែលត្រូវរៀបចំជូនដំណើរសព ឱ្យសាកសមជាប្រជាពលរដ្ឋក្នុងខេត្ត។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ឯកឧត្តម ម៉ៅ ធនិន នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័ស និងសូមអំពាវនាវយ៉ាងទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។

សូមជម្រាបជូនថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ បានចាប់ដំណើរការចាក់វ៉ាក់សាំង (Sinopharm និងSinovac) របស់ប្រទេសចិន ចំនួន៣វគ្គរួចមកហើយ ដែលវគ្គទី១ ចំនួន២៤,៨០០ដូស ស្មើនឹង១២,៤០០នាក់, វគ្គទី២ ចំនួន៦ម៉ឺនដូស ស្មើនឹង ៣ម៉ឺននាក់ និងវគ្គទី៣នេះ ចំនួន១២ម៉ឺនដូស ស្មើនឹង៦ម៉ឺននាក់ ជូនប្រជាពលរដ្ឋតាមបណ្តាគោលដៅប្រឈមខ្លាំង តាមបណ្តាស្រុកក្រុងទាំង៧ ក្នុងខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង