រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គម្រោងគ្រប់គ្រងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាប កំពុងតែកែប្រែមុខមាត់ក្រុងពោធិ៍សាត់ ឱ្យកាន់តែមានសោភណ្ឌភាព

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំពិភាក្សា ការអនុវត្តគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្ថិតក្រោមវត្តមាន លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោក ស្រី សុជាតិ អនុប្រធានទីប្រឹក្សាធនគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក ហ៊ឹម សារឿន អ្នកសម្របសម្រួលអង្គការ សហការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា(ប៉ាដិក) ព្រមទាំងលោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ឃុំវាល ឃុំកោះជុំ និងមន្ទីរដែលការពាក់ព័ន្ធមួយចំនួនទៀត។

លោក ស្រី សុជាតិ អនុប្រធានទីប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ក្រុងពោធិ៍សាត់ជាបេក្ខភាពមួយ ដែលត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាម្ចាស់គម្រោង បានចាប់ផ្តើមសិក្សាតាំងពីឆ្នាំ២០១៣ ទើបតែចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ មានចំនួន២គម្រោង គឺគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងគម្រោងទីលានកប់សំណល់រឹង។ លោកបានឱ្យដឹងថា បើគិតមកដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១នេះ រួមមានគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ គឺសម្រេចសាងសង់ប្រព័ន្ធលូមេ បានប្រវែង២៣គីឡូម៉ែត្រ ស្តារប្រព័ន្ធលូចាស់ បានប្រវែង២៣គីឡូម៉ែត្រ រួមនឹងជួសជុលគម្របលូ។​ សាងសង់អាងប្រតិកម្មទឹកកខ្វក់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ លើផ្ទៃដី៣ហិកតា។ ស្តារប្រឡាយសម្រាប់បញ្ចេញទឹក ដែលធ្វើប្រតិកម្មរួច ប្រវែង២.៨០០ម៉ែត្រ​ និងឈានដល់ការក្រាលកៅស៊ូDBST ប្រវែង១៨,៥០០ម៉ែត្រ នៅលើផ្លូវដែលបានជីកកបលូរួច ព្រមទាំងចាក់បេតុងលើតួផ្លូវ ជុំវិញតំបន់ផ្សារថ្មីពោធិ៍សាត់ ប្រវែង២.០៧៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ និងសាងសង់ឡើងវិញទំនប់ភូមិកោះ សង្កាត់លលកសបានប្រវែង១៥០០ម៉ែត្រ ដោយគម្រោងទាំងអស់នេះ ចំណាយថវិកា១១,៥លានដុល្លារអាមេរិក អនុវត្តដោយក្រុមហ៊ុន គីរីដងរ៉ែក ទើបតែសម្រេចបាន៦២% និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២២។ គម្រោងទីលានកប់សំណល់រឹង ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប សាងសង់លើផ្ទៃដី១៥ហិកតា លើផ្ទៃដីសរុប២៨ហិកតា គ្រោងចំណាយថវិកា១,៤លានដុល្លារអាមេរិក អនុវត្តដោយក្រុមហ៊ុន អ៊ឹង ស៊ឹមស៊ា សម្រេចបាន៦៧% គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១។ លោកបានថ្លែងទៀតថា  ទោះជាយ៉ាងនេះក៏ដោយក៏នៅមានបញ្ហាប្រឈមមួយចំនួន ដូចជាការបញ្ចេញទឹក ដែលបានធ្វើប្រតិកម្មរួច តាមប្រឡាយមេដែលបានស្តាររួច ប្រវែង២,៨០០ម៉ែត្រ មានឧបសគ្គនៅចុងប្រឡាយ ជាព្រំប្រទល់រវាងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងឃុំកោះជុំ ស្រុកកណ្តៀង មិនទាន់អាចភ្ជាប់ចុងប្រឡាយទៅអូរ ចុងប្រឡាយនោះបានឡើយ។ ការរៀបចំគ្រប់គ្រងសំណល់រាវ របស់ប្រជាពលរដ្ឋតាមមាត់ប្រឡាយក្បាលហុង ស្ថិតក្នុងភូមិសាស្ត្រឃុំវាល ស្រុកកណ្តៀង មិនទាន់អាចសម្រេចបានដោយសារភូមិសាស្ត្រនោះ ស្ថិតក្រៅដែនសមត្ថកិច្ចក្រុង និងកំពុងសុំកិច្ចសហការជាមួយរដ្ឋបាលស្រុកកណ្តៀង។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការដៃគូអភិវឌ្ឍន៍ ដែលបានជ្រើសរើសយកខេត្តពោធិ៍សាត់ ទទួលបាននូវគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ទោះជាគម្រោងមួយនេះ បានសិក្សាតាំងពីឆ្នាំ២០១៣ក៏ដោយ ឥឡូវបានចាប់អនុវត្តជាបណ្តើរៗ នៅក្នុងទីប្រជុំជនក្រុងពោធិ៍សាត់។ ដើម្បីឱ្យគម្រោងទាំងនោះ ដំណើរការទៅបានរលូននោះ សូមឱ្យក្រុមហ៊ុន អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរដែលមានការពាក់ព័ន្ធ ត្រូវចូលរួមសហការ សំដៅធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះ កាន់តែគុណភាព ធានាបានយូរអង្វែងប្រយោជន៍បម្រើតម្រូវការរបស់ប្រជាពលរដ្ឋយើង៕

Ti Amo (ពស)

អត្ថបទទាក់ទង