រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង សម្រាប់វគ្គទី៣ ដូសទី១ ជូនដល់ប្រជាពលរដ្ឋប្រឈមខ្លាំងក្នុងខេត្ត (Video inside)

  • 960
  • ដោយ Admin
https://youtu.be/cF8yLrxFTk4

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំង សម្រាប់វគ្គទី៣ ដូសទី១ ជូនដល់ប្រជាពលរដ្ឋ តាមបណ្តាគោលដៅប្រឈមខ្លាំង ដែលអាជ្ញាធរបានកំណត់ ក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ និងស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងនីមួយៗ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា វ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋនាពេលនេះ គឺមានចំនួនកំណត់ ពោលគឺសម្រាប់ចាក់តែប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅប្រឈមខ្លាំង និងបន្តឈានដល់ការចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់គ្នា ក្នុងពេលខាងមុខ។ ឯកឧត្តមបានបន្តថា ទាំងនេះគឺជាការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នា នៅទូទាំងប្រទេស។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងបន្ថែមថា វ៉ាក់សាំង១ គឺជាជីវិត១ ដូច្នេះហើយឯកឧត្តមបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមការងារយុវជន ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី ដើម្បីចាត់ចែងទទួលរៀបចំកិច្ចការនេះ ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋបានឆាប់រហ័ស។

សូមជម្រាបជូនថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ បានចាប់ដំណើរការចាក់វ៉ាក់សាំង (Sinopharm និងSinovac) របស់ប្រទេសចិន ចំនួន៣វគ្គរួចមកហើយ ដែលវគ្គទី១ ចំនួន២៤,៨០០ដូស ស្មើនឹង១២,៤០០នាក់, វគ្គទី២ ចំនួន៦ម៉ឺនដូស ស្មើនឹង៣ម៉ឺននាក់ និងវគ្គទី៣នេះ ចំនួន១២ម៉ឺនដូស ស្មើនឹង៦ម៉ឺននាក់ ជូនប្រជាពលរដ្ឋតាមបណ្តាគោលដៅប្រឈមខ្លាំង តាមបណ្តាស្រុកក្រុងទាំង៧ ក្នុងខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង