រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យ ដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន នៅភូមិសាស្រ្តក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន (Video inside)

  • 815
  • ដោយ Admin
https://youtu.be/y4DXVeuxZGI

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី១៩ រួមដំណើរដោយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ ឯម ប៉ុណ្ណា អ្នកតំណាងរាស្ត្រ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន។

ទីតាំងក៏ដូចជាគោលដៅ ដែលរដ្ឋបាលខេត្ត បានរៀបចំជូននោះរួមមាន៖ ១-សាលាខេត្តពោធិ៍សាត់, ២-ការិ.សុខាភិបាល ស្រុកប្រតិបត្តិសំពៅមាស, ៣-វិទ្យាល័យពោធិ៍សាត់, ៤-រោងចក្រលានហ្វា ស្នាមព្រះ និង៥-រោងចក្រតៃអ៊ីហ្សី ក្រគរ។ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២១ខាងមុខ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងជម្រាបជូន ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនីទាំងអស់ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមគ្រូពេទ្យ និងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលរៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនី ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ បានឆាប់រហ័ស។

គេសង្គេតឃើញថា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ គឺមានវត្តមានប្រជាពលរដ្ឋ មន្រ្តីរាជការ និងកម្មករ កម្មការិនី បានចូលរួមទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់ដូសទី១ តាមបណ្តាគោលដៅដែលរៀបចំជូន បានជាច្រើនពាន់នាក់រួចមកហើយ ហើយសង្ឃឹមថាអាចនឹងបញ្ចប់ការចាក់ មុនការកំណត់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង