រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធីប្រគល់-ទទួលផ្ទះ ជំហាន១ ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព នៅទីតាំងសម្បទានដីសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង (Video inside)

  • 920
  • ដោយ Admin
https://youtu.be/LNS0srVXzHc

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលទីតាំង ត្រៀមរៀបចំប្រារព្ធពិធីប្រគល់-ទទួលផ្ទះ ចំនួន៥០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព (ក្នុងជំហាន១) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទន្ទឹមនឹងការចុះពិនិត្យទីតាំងប្រារព្ធពិធី, ឯកឧត្តម ម៉ៅ ធនិន ក៏បានចុះពិនិត្យតាមខ្នងផ្ទះ និងដាក់ផែនការមួយចំនួនដល់មន្ត្រីប្រចាំការ ក្នុងគោលបំណងដើម្បីពន្លឿនការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ឱ្យបានលេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ថា ដោយពិនិត្យឃើញពីពលីកម្មដ៏ធំធេងចំពោះជាតិមាតុភូមិ និងការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពចូលមកសម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ហើយសម្តេចតេជោក៏បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ។ ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាត ធ្វើយ៉ាងណាឱ្យបានគ្រប់ចំនួន ៦២៨គ្រួសារ/ខ្នងផ្ទះ ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ។ ហើយថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យសាងសង់សាលារៀន និងមណ្ឌលសុខភាព បន្ថែមទៀត ដើម្បីឱ្យបងប្អូន កូនក្មួយ និងចៅៗ បានសិក្សារៀនសូត្រ និងសម្រាកព្យាបាលនៅទីនោះផ្ទាល់តែម្តង។

ការផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត គឺជាការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែសម្តេច ធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងមានប្រវត្តិតស៊ូជាច្រើនរាប់មិនអស់ ជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ 

ទីតាំងសម្បទានដីសង្គមកិច្ចខាងលើ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារម្តងរួចមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ៧០X១៥០ម៉ែត។ ដោយឡែកផ្ទះ មានទំហំ៥x៧ម៉ែត្រ គ្រឿងបង្គុំធ្វើអំពីដែក សសរចាក់ស៊ីម៉ង់តិ៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកខាងក្រោយផ្ទះ ជាចង្ក្រានបាយ មានបង្គន់អនាម័យដាច់ដោយឡែក និងមានអណ្តូងទឹកជាដើម។ ជាមួយការចូលរស់នៅ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ក៏បានផ្តល់ផ្ទាំងសូឡា សម្រាប់ការប្រើប្រាស់ដាំបាយ ដាំទឹក ប្រើអំពូល និងកំពុងរៀបចំតបណ្តាញភ្លើងរដ្ឋឱ្យបានដល់គ្រប់ខ្នងផ្ទះ។

ក្នុងចំណោមលំនៅដ្ឋានដែលកំពុងសាងសង់នោះ លំនៅដ្ឋានចំនួន៥០ខ្នង នឹងត្រូវធ្វើពិធីប្រគល់-ទទួល (ក្នុងជំហាន១) នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីផ្តល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលបានចូលមករស់នៅ និងធ្វើការដាំដុះជាបណ្តើរៗ ដោយឡែកលំនៅដ្ឋានដ៏ទៃផ្សេងទៀត នឹងជូនកាលបរិច្ឆេទជាបន្តបន្ទាប់ទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង