រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

លោកស្រី ចោម ខ្វាន់ បរិច្ចាកធនធានផ្ទាល់ខ្លួន ផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ជំងឺកូវីដ១៩ ចំនួន២១គ្រួសារ ក្នុងស្រុកក្រគរ

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ចំនួន២១គ្រួសារ ក្នុងស្រុកក្រគរ។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវត្តសាមគ្គីរតនៈសោភ័ណ្ឌ ហៅតាកែវក្រោម ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក កែវ សុផានិត ប្រធានយុវជន ស.យ.ស.ស ភូមិតាកែវក្រោម តំណាងសប្បុរសជន (លោកស្រី ចោម ខ្វាន់) និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងខេត្ត។ លោក ចេង ឡៃ បានបញ្ជាក់ថា អំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលផ្តល់ជូននាពេលនេះ គឺជាការចូលរួមក្នុងការងារមនុស្សធម៌ របស់លោកស្រី ចោម ខ្វាន់ ដែលជានិច្ចកាល សប្បុរសជននេះ តែងតែចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជនរងគ្រោះផ្សេងៗ ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតនៃមេរោគកូវីដ១៩ ដ៏កាចសាហាវនេះ។

លោកអភិបាលរងខេត្ត បានជម្រាបជូនថា ស្ថិតក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវបន្តយកចិត្តទុកដាក់ គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសនូវវិធានការ «៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅលុបបំបាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឱ្យបានឆាប់រហ័ស។

តំណាងប្រជាពលរដ្ឋ បានថ្លែងអំណរគុណជូនចំពោះលោកស្រី ចោម ខ្វាន់ អគ្គនាយិកា ក្រុមហ៊ុន ស៊ីអឹម (CM) និងជាម្ចាស់ហាងលក់មាសពេជ្រ ចំរើនសុវត្ថិភាព ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងទាន់ពេលវេលា។

អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ចំនួន២១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេះ, ម៉ាស់១ដុំតូច, ត្រីខ១ឡូតិ៍ និងថវិកា១០ម៉ឺនរៀល។ ប្រគេនបច្ច័យកសាងវត្ត ចំនួន១លានរៀល និងបច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃ ចំនួន២០ម៉ឺនរៀល៕

Ti Amo (ពស)

អត្ថបទទាក់ទង