រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អគ្គិសនីកម្ពុជា ប្រគល់សម្ភារ និងគ្រឿងបរិក្ខារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនរដ្ឋបាលខេត្តពោធិ៍សាត់

  • 776
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ទទួលសម្ភារ និងគ្រឿងបរិក្ខារពេទ្យ ពីឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំអន្សាចំបក់ និងឃុំស្រែស្តុក តំណាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ដើម្បីប្រើប្រាស់ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងខេត្ត។

ពិធីប្រគល់ទទួលអំណោយខាងលើនេះ ត្រូវបានធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្តទទួលបន្ទុក និងមន្ត្រីអ្នកមុខអ្នកការ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ដ៏ទៃផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃអគ្គិសនីកម្ពុជា ដែលតែងតែមានទឹកចិត្តប្រកបដោយកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា យកចិត្តទុកដាក់ និងគិតពីតម្រូវការជាក់ស្ដែង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។ ជាមួយគ្នានោះ សម្ភារៈ​​ និងគ្រឿងបរិក្ខារទាំងនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ នៃការ​ចែក​រំលែកក្នុងសង្គម ទៅលើការជួយគ្នាក្នុងគ្រាលំបាក។

ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនេះ នឹងយក​​ទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឱ្យស្របទៅតាមបរិបទនៃជំងឺកូវីដ១៩ ដែល​កំពុង​រីករាល​ដាលនាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

អំណោយជាសម្ភារ និងគ្រឿងបរិក្ខារពេទ្យ ដែលយកមកប្រគល់ជូននាឱកាសនេះរួមមាន៖ ម៉ាស់N95 ចំនួន១ពាន់ម៉ាស់, វ៉ែនតាការពារ ចំនួន២០០គ្រឿង, ស្រោមដៃ ចំនួន២ពាន់គូរ, អាវការពារ ចំនួន៣០០កំប្លេរ និងថ្នាំសម្លាប់មេរោគ ចំនួន៥០០ដប។

សូមបញ្ជាក់ថា៖ នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ (ស្រី០១នាក់) មកពីភ្នំពេញ។

គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៩នាក់ (ស្រី២០នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៥ករណី (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៣៤ករណី (ស្រី១៨នាក់)៕

Ti Amo (ពស)

អត្ថបទទាក់ទង