រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ផ្ទះដែលត្រូវផ្តល់ជូនអតីតយុទ្ធជន ក្នុងខេត្តពោធិ៍សាត់ ស្ថាបនាបានជិត៦០ខ្នងហើយ, ថ្ងៃនេះអភិបាលខេត្ត ចុះពិនិត្យដំណើរការសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត (Video inside)

  • 1.1ពាន់
  • ដោយ Admin
https://youtu.be/Ek6SwkGng_o

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលបានចែកជូនដល់អតីតយុទ្ធជនកម្ពុជា ជួបការខ្វះខាត់ក្នុងជីវភាព និងខ្វះទីជម្រក នៅទីតាំងសម្បទានដីសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ត្រង់ចំណុចដំណាក់ត្រយឹង «ឬភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង» ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ទីតាំងសម្បទានដីសង្គមកិច្ចខាងលើនេះ ត្រូវបានចាប់ឆ្នោតប្រគល់ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្តពោធិ៍សាត់ចំនួន ៦២៨គ្រួសារ រួចរាល់ហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅដ្ឋាន និងដីកសិកម្ម) ទំហំ៧០គុណ​១៥០​ម៉ែត្រ​។ ដោយពិនិត្យឃើញពីការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើរគោរពចូលមក សម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ហើយសម្តេចតេជោ បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ច នៅទីតាំងខាងលើ ទន្ទឹមនឹងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូន ដែលបច្ចុប្បន្នស្ថាបនាបានជិត៦០ខ្នងហើយ។

ឯកឧត្តមបានបន្ថែមថា ការផ្តល់ជូនសម្បទានដីសង្គមកិច្ច និងផ្ទះខាងលើនេះ គឺជាការមើលឃើញពីពលីកម្មដ៏ធំធេងរបស់អតីតយុទ្ធជន ពីសំណាក់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត ដែលបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះដំណើរការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ បាននឹងកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះរួមមាន ផ្លូវ អណ្តូង និងត្រួសត្រាយដីរៀបចំភូមិឋាន...។ល។

បន្ទាប់ពី នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ អង្ករ មី និងទឹកត្រី ទៅប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារ ដែលចូលមករស់នៅក្នុងផ្ទះដែលទើបសាងសង់នោះរួចមក, ឯកឧត្តម ម៉ៅ ធនិន បានសន្យានាំយកពូជបន្លែ ផ្តល់ជូនដល់បងប្អូនយើង ដើម្បីដាំដុះផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របពេលរដូវវស្សាចូលមកដល់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង