រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ (Video inside)

  • 971
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកក្រគរ ជាប់ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ នៅចំពោះមុខកងកម្លាំង គ្រប់គោលដៅ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ១០កេសធំ, មី១០កេសតូច, ទឹកត្រី២យួរ, ទឹកស៉ីអ៉ីវ២យួរ, ត្រីខ៥ឡូតិ៍, សាប៑ូលាងដៃ២ដប, ម៉ាស់២ប្រអប់ និងឧបត្ថម្ភម្ហូបដល់កម្លាំង៦នាក់ ក្នុងមួយគោលដៅ ដោយម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល។

គោលដៅ ដែលខេត្តពោធិ៍សាត់ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៦សំខាន់ៗរួមមាន៖

*១- ស្រុកក្រគរ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តកំពង់ឆ្នាំង
*២- ស្រុកវាលវែង ០៤គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង និងខេត្តកោះកុង
*៣- ស្រុកតាលោសែនជ័យ ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
*៤- ស្រុកបាកាន ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង។

សូមបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្នុងគ្រាដែលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ និងរីកសាយភាយទៅកាន់ខេត្តជាច្រើន ដែលតម្រូវឱ្យមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមក ពីខេត្តមួយទៅខេត្តមួយ៕

Ti Amo (ពស)

អត្ថបទទាក់ទង