រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ថ្វាយគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ សូមឱ្យជំងឺកូវីដ១៩ ចៀសចេញឱ្យឆ្ងាយ​ (Video inside)

  • 1.5ពាន់
  • ដោយ Admin
https://youtu.be/qpl0PJE5CcU

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងទឹកភ្លៀង ជាពិសេសសូមឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19) ដែលកំពុងតែមានសភាពវឹកវរយ៉ាងខ្លាំង នៅទូទាំងប្រទេស និងនៅលើពិភពលោក។

ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។

បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានករណីកូវីដ១៩ (COVID-19) ផ្ទុះឡើងក៏ពិតមែន ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ និងជំងឺឆ្លងផ្សេងៗ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។

ជាការពិតណាស់ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែជាបញ្ហាប្រឈមចំពោះមុខ ដែលទាមទារឲ្យយើងទាំងអស់គ្នា ចូលរួមបង្ការ និងទប់ស្កាត់ ឲ្យខាងតែបាន។ ជាក់ស្តែងបន្ថែមពីលើនោះ បញ្ហាដែលយើងត្រូវផ្ដោតសំខាន់ គឺការគ្រប់គ្រងចំនួនពលករ ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ត្រូវឱ្យពួកគាត់ចូលមកនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ទៅមណ្ឌលចត្តាឡីស័កនីមួយៗ តាមបណ្ដា ក្រុង ស្រុក ក្នុងខេត្ត ជៀសវាងការឆ្លងចូលសហគមន៍កាន់តែធ្ងន់ធ្ងរ។

សូមជម្រាបថា សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំងទូងស្គរ មួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកដល់ប្រជាពលរដ្ឋឱ្យចូល រួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ការណែនាំនេះ ត្រូវបានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ ចេញសារាចរណែនាំដល់តាមបណ្តាវត្តអារ៉ាមទាំងអស់នៅក្នុងខេត្ត​ ត្រូវអនុវត្តតាមការណែនាំខាងលើនេះដោយវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់។ ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដល់វត្តអារាមនៅទូទាំងប្រទេសឱ្យចូលរួមអនុវត្តដូចខាងលើនេះ ដោយសារតែប្រទេសកម្ពុជា កំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន គឺព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕

Ti Amo (ពស)

អត្ថបទទាក់ទង