រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ប្រគល់លិខិតថ្លែងអំណរគុណ ជូនម្ចាស់បន្ទប់ជួល៤៦បន្ទប់ នៅស្រុកក្រគរ ក្រោយប្រកាសមិនយកថ្លៃឈ្នួលស្នាក់ នៅក្នុងគ្រាវិបត្តិកូវីដ១៩ (Video inside)

  • 778
  • ដោយ Admin
https://youtu.be/3311uEz7JuU

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺ១៩ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់លោក ហេង វាសនា និងលោកស្រី សៅ ចាន់ថា រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកសំរាលការលំបាកជូនដល់កម្មករ-កម្មការិនី ដែលបានបម្រើការងារក្នុងរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ដោយមិនយកថ្លៃឈ្នួលបន្ទប់ជួល ចំនួន៤៦បន្ទប់ ក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២១។

ការផ្ដល់ជូនលិខិតថ្លែងអំណរគុណនេះ គឺធ្វើឡើងបន្ទាប់ពីលោក ហេង វាសនា ដែលជាម្ចាស់បន្ទប់ បានផ្ញើសារជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារ Messenger នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ម្សិលមិញ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណម្ដងរួចមកហើយ ចំពោះទឹកចិត្តគំរូដ៏ល្អនេះ ដែលបានផ្តល់ប្រយោជន៍ដល់កម្មករ កម្មការិនី។

សាររបស់លោក ហេង វាសនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ហេង វាសនា និងភរិយា ដែលរស់នៅក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមប្រកាសថា បើខេត្តពោធិ៍សាត់យើងទៅមុខទៀត មានបញ្ហាកូវីដអីកើតឡើង ខ្ញុំនឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំង៤៦បន្ទប់ រហូតខេត្តយើងដំណើរការ ជាធម្មតា ឡើងវិញ។ ការចូលរួមនេះជាការជួយសំរាលដល់ បងប្អូនយើងដែលកំពុងស្នាក់នៅ និងជួយសំរាលដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចពុក Hun Sen នឹងលោកអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ជាទីគោរពនឹងស្រទ្បាញ់ផងដែរ។ សូមឲ្យប្រទេសកម្ពុជាឆ្លងផុតនៅគ្រោះកាចមួយនេះទាំងអស់គ្នាផងចុះ»

ការប្រកាសមិនទទួលយកថ្លៃឈ្នួលបន្ទប់ខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណចំពោះទឹកចិត្ត ហើយគំរូដ៏ល្អនេះផ្តល់ប្រយោជន៍ដល់កម្មករ កម្មការិនី។ សម្តេចតេជោ បានឆ្លើយតបសារតាមរយៈ Messenger ទៅកាន់លោក ហេង វាសនា យ៉ាងដូច្នេះថា «សុំអរគុណ។ នេះជាគំរូដ៏ល្អមួយដែលផ្តល់ប្រយោជន៍ដល់កម្មករ-កម្មការិនីយើង»

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាកំពុងទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩យ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ ជួលពីរនាក់ប្តីប្រពន្ធ រស់នៅខេត្តពោធិ៍សាត់ខាងលើនេះ ពិតជាគំរូដ៏ល្អសម្រាប់ជួយសំរាល បន្ទុកកម្មករ-កម្មការិនី ហើយទង្វើប្រពៃបែបនេះទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋ ខ្មែរផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង