រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹងវិធានសុវត្ថិភាពទេសចរណ៍ ជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋានក្នុងខេត្ត ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩

  • 435
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋាន ជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាននានាក្នុងខេត្ត ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែវាយប្រហារ នៅទូទាំងសកលលោកនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី លោក អ៉ឹង គឹមលៀង អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរជំនាញ លោក លោកស្រី អភិបាលក្រុងស្រុក អធិការក្រុង ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍ទាំង៧ និងតំណាងអាជីវកម្មនានា ក្នុងក្រុងពោធិ៍សាត់ សរុប១២៥នាក់។

មានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ម៉ៅ ធនិន  បានលើកឡើងថា បើទោះបីជាខេត្តពោធិ៍សាត់យើង ពុំទាន់មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ក៏មែនពិត តែទាមទារឱ្យមន្ត្រីរាជការ ក៏ដូចបងប្អូនទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីរឹតបន្តឹង ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តមសូមឱ្យម្ចាស់អាជីវកម្ម សេវាកម្ម ក៏ដូចរដ្ឋបាលក្រុង សង្កាត់ សូមលើកពីបញ្ហាលំបាករបស់ខ្លួន ក៏ដូចជាការលំបាកដែលពាក់ព័ន្ធជាមួយភ្ញៀវ និងបងប្អូនដែលមានការចេញចូល ដោយមិនបានអនុវត្តទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដែលករណីនេះ លោកមេភូមិ ត្រូវតែធ្វើសេចក្តីរាយការណ៍មកថ្នាក់ ឃុំ សង្កាត់ ឱ្យបាន ២ឬ៣ដង ក្នុង១ថ្ងៃ ដើម្បីឱ្យឃុំ សង្កាត់ រាយការណ៍មកថ្នាក់ក្រុង ស្រុក ខេត្ត ធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។

បន្ទាប់ពីតំណាងមន្ទីរសុខាភិបាលខេត្ត  រដ្ឋបាលសង្កាត់ និងម្ចាស់អាជីវកម្ម សេវាកម្ម ជាច្រើនរូប បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ជូនដល់អង្គប្រជុំរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១.ប្រសិនបើសង្ស័យថា មានអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សូមទំនាក់ទំនងរកសេវាដឹកជញ្ជូន ដើម្បីអនុវត្តឱ្យបានទាន់ពេលវេលា។

២.ប្រសិនបើបងប្អូនមានការលាក់លៀម មិនរាយការណ៍ដល់អាជ្ញាធរ ឬសមត្ថកិច្ច  ត្រូវអនុវត្តទៅតាមក្រឹត្យក្រមនៃច្បាប់។

៣.ក្នុងករណីនេះ ត្រូវបង្ខាំងទុកជននោះក្នុងតំបន់ចត្តាសឡីស័ក ចំនួន១៤ថ្ងៃ (ដោយមិនអាចចេញមុនការកំណត់)។

៤.ចំពោះប្រជាពលរដ្ឋយើង ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ហើយមានការខ្វះខាត  អាជ្ញាធរត្រូវសហការជួយឧបត្ថម្ភគាំទ្រ។

៥.ត្រូវសហការរកប្រជាពលរដ្ឋ ៣គ្រួសារ ដែលពាក់ព័ន្ធជាមួយជនម្នាក់ ដែលមកពីភ្នំពេញ  ហើយនៅផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។

៦.មេប៉ុស្តិ៍ ឬចៅសង្កាត់ ត្រូវអានច្បាប់ ឱ្យបងប្អូនប្រជាពលរដ្ឋស្តាប់។

៧.ពាក់ព័ន្ធនឹងការបង់ពន្ធដារលើអាជីវកម្ម ឯកឧត្តមអភិបាលខេត្ត នឹងលើកយកទៅពិភាក្សា ជាមួយមន្ទីរជំនាញពាក់ព័ន្ធ។

៨.គ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវមានម៉ាស៊ីនបាញ់កំដៅ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនពីវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ក្នុងករណីមិនអនុវត្តតាម នឹងមានការបិទហាងជាដើម។

៩.នៅតាមភាជនីយដ្ឋាន អាហារដ្ឋាន ភ្ញៀវត្រូវកុម្ម៉ង់មុខម្ហូបឱ្យវិចខ្ចប់ ហើយអង្គុយឱ្យមានគម្លាតពីគ្នា។

១០.អ្នកបម្រើតាមផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អ្នករត់ម៉ូតូឌុប រត់តាក់ស៊ី គឺជាជនជួរមុខ ក្នុងការទទួលបានវ៉ាក់សាំង៕

Ti Amo (ពស)

អត្ថបទទាក់ទង