រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងផ្លូវការពីឃាត់ខ្លួនបុរសម្នាក់ ដែលពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ ហើយធ្វើដំណើរទៅខេត្ដមួយនេះ

  • 899
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងផ្លូវការពីការឃាត់ខ្លួនបុរសម្នាក់ យកទៅពិនិត្យសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយបុរសរូបនេះអនុវត្តមិនបានត្រឹមត្រូវ បន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើររហូតខេត្តពោធិ៍សាត់។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បុរសរូបនេះឈ្មោះ មួន សុភាន់ អាយុ៣៦ឆ្នាំ រស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បុរសរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីទៅដាក់នៅមណ្ឌលចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

សេចក្ដីរាយការណ៍ពីខេត្តពោធិ៍សាត់បានឲ្យដឹងថា ដើមឡើងមានប្រជាពលរដ្ឋម្នាក់ដែលកើតជំងឺកូវីដ-១៩ បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចថា មានបុរសម្នាក់បានប៉ះពាល់ជាមួយខ្លួន ហើយបានធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដោយអ្នកជំងឺនោះ បានបញ្ជូនលេខទូរស័ព្ទរបស់បុរសខាងលើ អមជាមួយរូបភាពជូនសមត្ថកិច្ចផងដែរ។

ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល ធ្វើការស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងដែលរបស់នោះទៅលើ។ ប៉ុន្ដែក្ដីរំពឹងរបស់សមត្ថកិច្ច មិនដូចអ្វីដែលស្ថានភាពជាក់ស្ដែងនោះឡើយ ពោលបុរសដែលពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ-១៩នេះ មិនបានសហការជាមួយសមត្ថកិច្ចនោះឡើយ ដោយព្យាយាមគេចវេស និងបិទទូរស័ព្ទផងដែរ។

បន្ថែមពីនេះ នៅពេលសមត្ថកិច្ចសួរនាំដើម្បីឃាត់ខ្លួនយកមកមណ្ឌលធ្វើចត្តាឡីស័ក បុគ្គលឈ្មោះ មួន សុភាន់ បានប្រើប្រាស់នូវកាយវិការ និងពាក្យសម្ដីមិនសមរម្យមួយចំនួន ប្រមាថមកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចថែមទៀតផង ទម្រាំតែសមត្ថកិច្ចអាចលួងលោម និងនាំខ្លួនមកកន្លែងធ្វើចត្តាឡីស័កបាន។

បើតាមសេចក្ដីរាយការណ៍ គ្រាដែលបុគ្គលឈ្មោះ មួន សុភាន់ បានទៅដល់ខេត្តពោធិ៍សាត់នោះ បានដើររហេតរហូត ផឹកស៉ី ច្រៀងលេងសប្បាយទៅវិញ ដោយមិនបានខ្វាយខ្វល់ថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩នោះទេ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បាននាំខ្លួនបុគ្គលរូបនេះទៅពិនិត្យសុខភាព និងយកសំណាកដើម្បីរកជំងឺកូវីដ-១៩ រួចរាល់ ហើយបច្ចុប្បន្នកំពុងធ្វើចត្ដាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្ត។

ជាមួយគ្នានេះ រដ្ឋបាលខេត្ដពោធិ៍សាត់ បានអះអាង អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងមន្ដ្រីសុខាភិបាល កំពុងធ្វើការស្រាវជ្រាវបន្ដទៀតនូវទីតាំងដែលបុរសនោះបានទៅ និងបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ សូមរក្សាភាពស្ងៀមស្ងាត់ និងរង់ចាំការជូនដំណឹងជាបន្ដបន្ទាប់របស់សមត្ថកិច្ច និងរដ្ឋបាលខេត្ត៕

អត្ថបទទាក់ទង