រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅតាមមណ្ឌលចត្តាឡីស័ក និងលើកទឹកចិត្តក្រុមគ្រូពេទ្យ បន្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ (Video inside)

  • 603
  • ដោយ Admin
https://youtu.be/E0cKUEaBiSo

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបាននឹងកំពុង ដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កមួយចំនួន ក្នុងស្រុកបាកាន ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះក្រុមគ្រូពេទ្យ មន្ត្រីប្រចាំការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ និងសុខុមាលភាព របស់បងប្អូនពលករយើង ដែលមកធ្វើចត្តាឡីស័កនៅទីនេះ។ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ ឱ្យបន្តការខិតខំប្រឹងប្រែងកិច្ចការនេះបន្តទៀត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័កនីមួយៗ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា អាហារហូបចុក ក៏ដូចជាសម្ភារៈប្រើប្រាស់ដែលបានផ្តល់ជូននៅទីនេះ គឺជាការគិតគូរពីសុខទុក្ខរបស់បងប្អូនយើង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល។ ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវសហការចូលរួមជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីកុំឱ្យមានការឆ្លងរីករាលដាលដល់ក្រុមគ្រួសារ រហូតដល់សហគមន៍។

ជាមួយគ្នានោះឯកឧត្តម ក៏បានណែនាំមន្រ្ដីប្រចាំការ ត្រូវរៀបចំមណ្ឌលចត្តាឡីស័ក ឱ្យមានបរិស្ថានស្អាតល្អ មានអាហារហូបចុកគ្រប់គ្រាន់ មានកន្លែងអង្គុយលេងស្រូបយកខ្យល់អាកាស និងមានទឹក ភ្លើងអគ្គិសនីប្រើគ្រប់គ្រាន់។

សូមបញ្ជាក់ថា ដោយសារតែចំនួនពលករខ្មែរត្រឡប់មកពីថៃ មានចំនួនកាន់តែច្រើន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង មណ្ឌលចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់ ក្នុងនោះក្រុងពោធិ៍សាត់ មានចំនួន២កន្លែង និងត្រៀមបន្ថែម៣កន្លែង, ស្រុកបាកាន មានចំនួន៥កន្លែង, ស្រុកកណ្តៀង មានចំនួន៤កន្លែង, ស្រុកក្រគរ មានចំនួន៣កន្លែង, ស្រុកតាលោសែនជ័យ មានចំនួន២កន្លែង, ស្រុកភ្នំក្រវាញ មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែង, ស្រុកវាលវែង មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែងទៀត។

ដោយឡែករដ្ឋបាលខេត្តក៏បានត្រៀមបម្រុងបន្ថែម នូវទីតាំងចត្តាឡីស័កថ្មីមួយទៀត នៅការដ្ឋានទី១០ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខណៈដែលទីតាំងមណ្ឌលចត្តាឡីស័កនានាតាមបណ្តា ក្រុង ស្រុក ពេញ៕

Ti Amo (ពស)

អត្ថបទទាក់ទង