រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ថ្វាយគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង ក្នុងបំណងសុំទឹកភ្លៀង និងសូមឱ្យជំងឺកូវីដ១៩ ចៀសចេញឱ្យឆ្ងាយ

  • 752
  • ដោយ Admin

(ពោធិ៍សាត់)៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា សម្លៀកបំពាក់ និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងទឹកភ្លៀង ជាពិសេសសូមឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក។

ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត និងមន្ត្រីរដ្ឋបាលខេត្តផ្សេងទៀត។

បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានករណីកូវីដ១៩ (COVID-19) ផ្ទុះឡើងក៏ពិតមែន ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ និងជំងឺឆ្លងផ្សេងៗ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។

ជាការពិតណាស់ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែជាបញ្ហាប្រឈមចំពោះមុខ ដែលទាមទារឲ្យយើងទាំងអស់គ្នា ចូលរួមបង្ការ និងទប់ស្កាត់ ឲ្យខាងតែបាន។ ជាក់ស្តែងបន្ថែមពីលើនោះ បញ្ហាដែលយើងត្រូវផ្ដោតសំខាន់ គឺការគ្រប់គ្រងចំនួនពលករ ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ត្រូវឲ្យពួកគាត់ចូលមកនៅដាច់ដោយឡែកចំនួន១៤ ថ្ងៃ ទៅមណ្ឌលចត្តាឡីស័កនីមួយៗ តាមបណ្ដា ក្រុង ស្រុក ក្នុងខេត្ត ជៀសវាងការឆ្លងចូលសហគមន៍កាន់តែធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ដោយសារតែចំនួនពលករខ្មែរត្រឡប់មកពីថៃ មានចំនួនកាន់តែច្រើន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង មណ្ឌលចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់ ក្នុងនោះក្រុងពោធិ៍សាត់ មានចំនួន២កន្លែង និងត្រៀមបន្ថែម៣កន្លែង, ស្រុកបាកាន មានចំនួន៥កន្លែង, ស្រុកកណ្តៀង មានចំនួន៤កន្លែង, ស្រុកក្រគរ មានចំនួន៣កន្លែង, ស្រុកតាលោសែនជ័យ មានចំនួន២កន្លែង, ស្រុកភ្នំក្រវាញ មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែង, ស្រុកវាលវែង មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែងទៀត។

ដោយឡែករដ្ឋបាលខេត្តក៏បានត្រៀមបម្រុងបន្ថែម នូវទីតាំងចត្តាឡីស័កថ្មីមួយទៀត នៅការដ្ឋានទី១០ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខណៈដែលទីតាំងមណ្ឌលចត្តាឡីស័កនានាតាមបណ្តា ក្រុង ស្រុក ពេញ៕

Ti Amo (ពស)

អត្ថបទទាក់ទង