រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវដល់អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ត្រូវរៀបចំតំបន់អតីតសមរភូមិ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ (Video inside)

  • 1.3ពាន់
  • ដោយ Admin
https://youtu.be/kpUbFP4KEBI

(ពោធិ៍សាត់)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានអំពាវនាវ ដល់អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ត្រូវរៀបចំតំបន់អតីតសមរភូមិនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលទស្សនា និងបានយល់កាន់តែច្បាស់ អំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ។

ការអំពាវនាវរបស់សម្តេចពិជ័យសេនា ត្រូវបានធ្វើឡើងក្នុងឱកាសចុះត្រួតពិនិត្យទីតាំងតំបន់​ប្រវត្តិសាស្ត្រ​យោធា​ ក្នុងខេត្តពោធិ៍សាត់ និងជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ទីតាំង​តំបន់ប្រវត្តិសាស្ត្រ​យោធា​ ច្រកចង្អៀត ក្រពើពីរ និងទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា តេជោ ភ្នំស្វារអិល ក៏ដូចជាទីតាំងតំបន់ប្រវត្តិសាស្ត្រដ៏ទៃទៀត ក្នុងស្រុកវាលវែង ​បាន​បន្សល់​ទុក​នូវ​​ដាន​ប្រវត្តិ​សាស្រ្ត​យោធា ​ពី​អតីត​កាល​ជាច្រើន ​ហើយ​ក៏​ជាទីតាំង​ដែល​មាន​លក្ខណៈ​ភូមិ​សាស្រ្តល្អ​ ក្នុងការផ្តល់​នូវ​យុទ្ធសាស្រ្ត​ការ​ពារ​ជាតិ​ បម្រើ​ឱ្យប្រៀប​លើ​សមរ​ភូមិ​ផង​ដែរ​។ សម្តេចបានបន្តថា ការសម្រេចសាង​សង់​ទីស្នាក់​ការ​ប្រវត្តិសាស្រ្ត​យោធានេះឡើង ​គឺពិតជា​បាន​ប្រមូល​ផ្តុំនូវ​តឹក​តាង​ប្រវត្តិ​សាស្រ្ត​នានា​ មក​តម្កល់​ទុក​ ដើម្បី​ប្រមូលផ្តុំ និង​ស្រាវ​ជ្រាវ​គោល​គំនិត​សំខាន់ៗ​ជា​ច្រើន​ទៀត សម្រាប់​ចង​ក្រងជា​ឯកសារ​រក្សាទុក​ ឱ្យកូនចៅជំនាន់ក្រោយបានដឹង បានយល់ និងសិក្សា​រៀន​សូត្រ​។ 

សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ ត្រូវគោរពបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវ ដើម្បីបំពេញតួនាទីភារកិច្ចការពារខ្សែបន្ទាត់ព្រំដែន តាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានោះ សម្តេចពិជ័យសេនា ក៏បានផ្តាំផ្ញើឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ពីវិធានការ ៣កុំ ៣ការពារ កុំឱ្យមានការឆ្លងក្នុងសហគមន៍ សំខាន់ក្នុងកងអង្គភាពកងទ័ព និងកុំជឿតាមការឃោសនាអកុសល របស់ជនអគតិមួយចំនួន អំពីបញ្ហាការចាក់វ៉ាក់សាំង។

ក្នុង​ឱកាសបុណ្យចូល​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាននាំយកអំណោយ និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់កងកម្លាំងនៅទីនោះ និង​ជូនព​រ​ឆ្មាំថ្មី ​ដល់នាយ​ទាហាន ​​ពល​ទាហាន​​ ​សូមឱ្យ​មាន​សុខភា​ព​ល្អ​ បរិបូរណ៍ ​កំលាំង​ខ្លាំងក្លា ​និង​សម្រេចបាន​ជោគ​ជ័យ​ធំៗ​ថ្មីៗ​ថែម​ទៀត​ ក្នុង​ការ​បំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ មាតុភូមិ៕

Ti Amo (ពស)

អត្ថបទទាក់ទង