រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ​ ត្រូវចេះថែរក្សាអនាម័យ និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះកូវីដ១៩ទម្រង់ថ្មី

  • 920
  • ដោយ Admin

(ពោធិ៍សាត់)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងអុជធូបបួងសួង ព្រមទាំងថ្វាយគ្រឿងសក្ការៈបូជា នៅវត្តប្រាសាទដូនអន ស្ថិតក្នុងឃុំរំលេច និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវខាន់ខៀវ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ពិធីនេះការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋ និងអង្គពិធីទាំងមូល ដោយក្រីនឹករលឹក និងការគិតគូរយកខិត្តទុក្ខដាក់ខ្ពស់ ពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា៖ តាមរយៈ ភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព»។

លោកជំទាវបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបិតាស្ថាបនិក អគ្គមគ្គទេស៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ លោកជំទាវបានបញ្ជាក់ថា៖ «សន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។

លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៃការផ្ទុះសារជាថ្មី នៃជំងឺកូវីដទំរង់ថ្មី ខណៈពេលដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺនេះ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានបួងសួងសូមឱ្យប្រទេសជាតិជៀសផុតពីគ្រោះរាំងស្ងួត ជំងឺដង្កាត់ផ្សេងៗ និងបានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានភ្ជាប់ជូនវត្ថុកំដរដៃ សម្រាប់ចែកជូនអ្នកចូលរួម ដោយក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកា៤ម៉ឺនរៀល៕

Ti Amo (ពស)

អត្ថបទទាក់ទង