រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងឃុំអូរសោម បញ្ឈប់ និង ដកខ្លួនជាបន្ទាន់ ជុំវិញការកាប់រាន ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុក (Video inside)

  • 1.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ក្នុងឃុំអូរសោមទាំងមូល សូមបញ្ឈប់ និងធ្វើការដកខ្លួនជាបន្ទាន់ ជុំវិញការកាប់រាន ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួង បើពុំដូច្នោះទេនឹងប្រឈមមុខចំពោះផ្លូវច្បាប់។

ការអំពាវនាវរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមកពី៦ភូមិ ក្នុងឃុំអូរសោម សរុបចំនួន៨៩៧នាក់ លើ៤ទីតាំងផ្សេងគ្នា ដោយបានការអញ្ជើញចូលរួមពី លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើនផ្សេងទៀត។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការចុះជួបសំណេះសំណាល ជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋនាពេលនេះ គឺក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមក្រុមគ្រួសារ​តែ​មួយ ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា ហើយឃុំអូរសោម គឺជាឃុំដំបូងគេបង្អស់ ដែលឯកឧត្តមមានការចាប់អារម្មណ៍ខ្ពស់ ចាប់តាំងពីឯកឧត្តមបាន​មកដឹកនាំយន្តការក្នុងខេត្តពោធិ៍សាត់ បានរយៈពេលជាង៦ឆ្នាំកន្លងមកនេះ។ ជាការពិតណាស់ថា ព្រឹត្តការណ៍សហគមន៍កម្ពុជា នាថ្ងៃទី២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ថៃ នាថ្ងៃទី២០ ធ្នូ នៅតែជាចំណោទបញ្ហា។ ជាមួយគ្នានោះ ឯកឧត្តបានប្រាប់ដល់ប្រជាពលរដ្ឋ ដែលមានបងប្អូនទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ត្រូវណែនាំពួកគាត់ឱ្យចូលរួមធ្វើចត្តាឡីសក្តិទាំងអស់គ្នា ដោយឡែកប្រជាពលរដ្ឋទូទាំងខេត្ត និយាយជារួមនឹងនិយាយដោយឡែកប្រជាពលរដ្ឋក្នុងឃុំអូរសោមនេះផ្ទាល់តែម្តង ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការឆ្លងចូលដល់សហគមន៍។

ឯកឧត្តមបានបន្តថា ថ្មីៗនេះ សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ឆ្វៀលដីអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ ជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែងក៏ពិតមែន ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបានបង្កើតគណៈកម្មការខេត្ត ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជុំវិញដីទាំងឡាយណា ដែលទើបនឹងកាប់រានថ្មី និងប៉ះពាល់ក្នុងដែនការពារបរិស្ថាន ជៀសវាងកុំឱ្យជនឆ្លៀតឱកាស យករឿងដីធ្លី ធ្វើឱ្យមានការដាក់ទោសទណ្ឌមកលើបងប្អូនយើង។ ឯកឧត្តមបានលើកឡើងថា ការចង់បានត្រូវមានកម្រិត តែបើការចង់បាននោះជាអំពើខុសនឹងច្បាប់ យើងនឹងទទួលទោសតាមអ្វីដែលយើងធ្វើ។ ឯកឧត្តមបានស្នើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវពិនិត្យជាក់ស្តែង ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលស៊ីឈ្នួលជាកម្មករគេ មានដីធ្វើផ្ទះ តែគ្មានដីអាស្រ័យផល អ្នកទាំងនោះអាចនឹងត្រូវផ្តល់លទ្ធភាពមុនគេ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋមកពី៦ភូមិ ក្នុងឃុំអូរសោម សរុបចំនួន៨៩៧នាក់ លើ៤ទីតាំងផ្សេងគ្នា ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, ភួយ១, ទឹកត្រី២ដប និងទឹកស៊ីអ៊ីវ២ដប៕

Ti Amo (ពស)

អត្ថបទទាក់ទង