រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់៖ ពីមុនដោះស្រាយ២ដង ក្នុង១សប្តាហ៍, បច្ចុប្បន្ននេះ ២ ឬ៣សប្តាហ៍ ដោះស្រាយម្តង (Video inside)

  • 1.1ពាន់
  • ដោយ Admin
https://youtu.be/iGk9iCmXj30

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននឹងកំពុងប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមនានាដែលកើតមាន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅវេទិកាក្នុងសាលាខេត្ត។

កិច្ចសម្របសម្រួលដោះស្រាយ តាមរយៈវេទិកាសាធារណៈខាងលើនេះ បានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ, អាជ្ញាធរស្រុក/ក្រុង ឃុំ/សង្កាត់, ក្រុមលេខាកត់ត្រា និងភាគីពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់ដែលឯកឧត្តមតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយនាពេលនេះ។ ពីមុនឯកឧត្តមបានចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ ចំនួន២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែជម្លោះក៏ដូចជាបញ្ហាប្រឈម កាន់តែថយចុះ ឯកឧត្តមបានចូលរួមដោះស្រាយ តែ២ ឬ៣សប្តាហ៍ មួយ១ដងតែប៉ុណ្ណោះ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរនោះ ឯកឧត្តមបានសម្រេចជ្រើសរើសសំណុំរឿងណា ដែលចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើការសម្របសម្រួល និងដោះស្រាយមុនគេ ជាក់ស្តែងនាថ្ងៃនេះផ្ទាល់តែម្តង គឺមានចំនួន២០ករណី ដែលកិច្ចការនេះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម ម៉ៅ ធនិន បានបន្តថា យន្តការដែលឯកឧត្តមកំពុងតែដើរនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈវេទិកាសាធារណៈ ដែលបានចង្អុលបង្ហាញឱ្យថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។ ជានិច្ចជាកាលឯកឧត្តមតែងតែប្រើប្រាស់ឋានានុក្រម២ គឺទី១៖ ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជូនពុកម៉ែប្រជាពលរដ្ឋទៅលើផ្លូវច្បាប់ និងទី២៖ ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយ ក្នុងគ្រួសារប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។

តាមរយៈវេទិកាសម្របសម្រួល និងដោះស្រាយខាងលើនេះ បានធ្វើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផ្ទុះការគាំទ្រ និងមានការសាទរយ៉ាងខ្លាំង ដោយឡែកប្រជាពលរដ្ឋខ្លះ ក៏ទទួលបានអង្ករ ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង