រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថៃប្រើថវិកាជិត២លានដុល្លារ ស្ថាបនាផ្លូវតភ្ជាប់ពាណិជ្ជកម្ម រវាងច្រកភូមិថាសេន ខេត្តត្រាត ទៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

  • 926
  • ដោយ Admin

(ពោធិ៍សាត់)៖ ភាគីថៃ នាពេលនេះ បាននិងកំពុងស្ថាបនាតភ្ជាប់ផ្លូវក្រាលកៅស៊ូពាណិជ្ជកម្ម ប្រភេទ AC ទទឹង១៤ម៉ែត្រ ប្រវែង១.៩គីឡូម៉ែត្រ ដែលមាន៤គន្លង រវាងច្រកព្រំដែន ក្នុងភូមិថាសេន ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសទេសថៃ ទៅច្រកផ្លូវជាតិលេខ៥៥ (ច្រកថ្មដា) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដោយប្រើប្រាស់ថវិកាអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២០ សរុបចំនួន ៥១,៧៣៧,០០០បាត ប្រមាណជិត២លានដុល្លារ។

ការសម្រេចសាងសង់ខ្សែផ្លូវពាណិជ្ជនេះឡើង បន្ទាប់ពីសភាថៃបានអនុម័ត និងបន្ទាប់ពីលោក ឆ័ត្រប្រឆៃ ផនម៉នឡឺដ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ បានចារឯកភាពតាមសំណើ របស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ពាក់ព័ន្ធនឹងការពន្លឿន បើកច្រកព្រំដែនអន្តរជាតិនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យប្រតិភូខេត្តត្រាត ប្រទេសថៃ ដឹកនាំដោយឯកឧត្តម ភិឈាន លិមវ៉ាំងយូ អភិបាលថ្មីខេត្តត្រាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកបញ្ហាមួយចំនួន ទាក់ទងទៅនឹងការពន្លឿនបើកច្រកព្រំដែន កម្ពុជា-ថៃ រវាងខេត្តទាំង២។

នាឱកាសនោះ ខាងភាគីថៃ បានលើកឡើងពីគម្រោងដាក់ថវិកា ជាង៥០លានបាត ក្នុងការកសាងខ្សែផ្លូវពាណិជ្ជ តភ្ជាប់គ្នារវាងច្រកថាសេន ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ទៅច្រកថ្មដា (ផ្លូវជាតិលេខ៥៥) ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ បាននិងកំពុងស្ថាបនាបាន៩០% ហើយនឹងត្រូវបញ្ចប់មុនកិច្ចសន្យាដែលបានគ្រោងទុក៕

Ti Amo (ពស)

អត្ថបទទាក់ទង