រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រុមហ៊ុន NSZ World និងសប្បុរសជន បន្តផ្តល់អំណោយ និងសម្ភារៈ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ធ្វើការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅវេទិកាក្នុងសាលាខេត្ត បានផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានឧបត្ថម្ភអង្ករ ថវិកា និងសម្ភារៈនានា ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់ក្នុងការងារមនុស្សធម៌ ក៏ដូចជាប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។

លោកស្រី ហ៊ឹម សុគន្ធា អនុប្រធានគណៈកម្មការក្រុមហ៊ុន NSZ World សាខាខេត្តពោធិ៍សាត់ បានជម្រាបជូនថា ដោយឃើញពីតម្រូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ លោក លី សិុនន្ទ អគ្គនាយកក្រុមហ៊ុន NSZ World បានចាត់ឱ្យសហការីនាំយកសម្ភារៈរួមមានជែលលាងដៃ ៣០០ដប និងផលិតផលមួយចំនួនទៀត ដើម្បីប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ កន្លងមកក្រុមហ៊ុន NSZ World និងមូលនីធិពីសប្បុរសជននានា ធ្លាប់បាននាំយកអង្ករចំនួន១៣តោន រួមទាំងទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមជួយប្រជាពលរដ្ឋ ដែលលិចលង់ដោយសារជំនន់ទឹកភ្លៀងកាលពីពេលកន្លងមក ដែលក្នុងនោះមានទាំងខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងផងដែរ។ លោកស្រីបានបន្តថា ការជួយគ្នាក្នុងគ្រាមានអាសន្ន ពិតជាមានគុណតម្លៃ គុណធម៌ធំធេងណាស់ សម្រាប់មនុស្សជាតិយើងគ្រប់ៗរូប ដូចពាក្យចាស់ពោលថា «មិត្តល្អ ត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន»។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះ សហការីក្រុមហ៊ុន NSZ World ក៏ដូចជាសប្បុរសជនដ៏ទៃទៀត ដែលបាននាំយក អង្ករ ថវិកា និងសម្ភារៈ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់សម្រាប់ការងារមនុស្សធម៌ ក៏ដូចជាប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។ ឯកឧត្តមបានបន្ថែមថា សកម្មភាពនេះ គឺជាការរួមចំណែកការលំបាក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត របស់ក្រុមហ៊ុន និងសប្បុរសជននានា ដែលមិនអាចខ្វះបាន។ ឯកឧត្តម ម៉ៅ ធនិន បានបន្តថា «នៅក្នុងស្ថានការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំគ្រប់ជ្រុងជ្រោយ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់បំផុត ដើម្បីដោះស្រាយនូវបញ្ហាដ៏លំបាកនេះ»។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីវិធានការអនាម័យ របស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

Ti Amo (ពស)

អត្ថបទទាក់ទង