រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គ្រួសារកុមារារងគ្រោះ លង់ទឹកស្លាប់២នាក់ នៅស្រុកក្រគរ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តពោធិ៍សាត់

  • 784
  • ដោយ Admin

(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងមន្រ្តីសាខា បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារា ២នាក់ ដែលលង់ទឹកអណ្ដូងស្លាប់ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងពិធីប្រគល់អំណោយ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោក វ៉ាន់ ហ៊ាង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់កូនប្រុសទាំង២ជាទីស្រលាញ់។

ជាមួយគ្នានោះ លោកនាយកសាខា ក៏បានលើកទឹកចិត្តឱ្យក្រុមគ្រួសារកុមារារងគ្រោះកុំអស់សង្ឃឹម ត្រូវបន្តប្រកបរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃឱ្យបានកាន់តែប្រសើរតទៅថ្ងៃមុខ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាយុជីវិតក្មេងៗ ដែលបណ្តាលឱ្យរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។

សម្ភារដែលត្រូវផ្តល់ជូនគ្រួសារសពបងប្អូនទាំង២នាក់ ទទួលបានអង្ករ១០០គក, មី៤កេស, ទឹកត្រី៤យួរ, ទឹកស៊ីអ៊ីវ៤យួរ, ទឹកក្រូច៤កេស, ទឹកបរិសុទ្ធ៤កេស និងថវិកា១លានរៀល។

គួរបញ្ជាក់ថានាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីលង់ទឹកអណ្ដូង បណ្តាលឲ្យស្លាប់កុមារា ២នាក់ ជាបងប្អូនបង្កើត៖
១/ សពឈ្មោះ គា តុលា ប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ
២/ សពឈ្មោះ គា សីហា ប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិឃុំកើតហេតុខាងលើ ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្ដាយ ទុកកូនចោលបណ្ដាលឲ្យលង់ស្លាប់តែម្ដង។ សាកសពកុមារារងគ្រោះទាំង២ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី រួចរាល់ហើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង