រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

«ភាពយន្តព័ត៌មានបែបកម្សាន្ត» ខ្នាតខ្លី និងព័ត៌មានបែបកម្សាន្ត ចាប់ផ្តើមថតពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងខេត្តពោធិ៍សាត់

  • 1.7ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យក្រុម​ការងារ​សារ​ព័ត៌មាន​ថ្មីៗ​២៥(Thmeythmey25)​ ចូលជួបសម្តែងការគួរសម និងផ្តល់កិច្ចសម្ភាសផ្ទាល់​ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តសាស្ត្រនៅក្នុងខេត្ត នាឱកាសដែលក្រុមសារព័ត៌មានអេឡិចត្រូនិកថ្មីៗ២៥ បានធ្វើដំណើរបេសកកម្ម ក្នុងការផលិត «ភាពយន្តព័ត៌មានបែបកម្សាន្ត» ខ្នាតខ្លី និងព័ត៌មានបែបកម្សាន្ត ចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។

បេសកកម្មរបស់ក្រុមសារព័ត៌មានអេឡិចត្រូនិកថ្មីៗ២៥(Thmeythmey25) គឺដើម្បីផលិត «ភាពយន្តព័ត៌មានកម្សាន្ត» ខ្នាតខ្លី និងព័ត៌មានកម្សាន្ត ដែលមានគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត…ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យទទួលបានព័ត៌មានដ៏សម្បូរបែប ពីតំបន់ប្លែកៗ នៅក្នុងខេត្តពោធិ៍សាត់។

ខេត្តពោធិ៍សាត់ បានបង្កើតឡើងនៅឆ្នាំ១៩០៧។ នាពេលបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋប្រមាណជាជិតកន្លះលាននាក់។ ខេត្តពោធិ៍សាត់មានរមណីយដ្ឋានទេសចរណ៍​៣៥កន្លែង។ តួលេខក្រសួងវប្បធម៌ បានបញ្ជាក់ថា ខេត្តពោធិ៍សាត់ មានប្រាសាទបាក់បែកនៅសល់តែគ្រឹះចំនួន​៣​ ទួលបុរាណចំនួន​១៧ និងវត្តបុរាណចំនួន​១០។ ខេត្តពោធិ៍សាត់ ត្រូវបានគេចាត់ទុកជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិ កសិកម្ម វប្បធម៌ ប្រវត្តិសាស្រ្ត…ព្រោះខេត្តភាគពាយ័ព្យមួយនេះ ​សម្បូរទៅដោយជ្រលងភ្នំ ទន្លេ ទឹកជ្រោះ បឹងបួរ អូរស្ទឹង ព្រៃពឹក្សាលតាវល្លិស្រស់បំព្រង ផលិតផលកសិកម្មចម្រុះ ស្ថានីយបុរាណ(បុរាណស្ថាន) ជនជាតិដើមភាគតិច។ល។ សរុបឱ្យខ្លី ខេត្តពោធិ៍សាត់ គឺជាជង្រុកសម្បត្តិធម្មជាតិមហាសាល។

លោក ប៉ាន់ បូនី គឺជាប្រធានក្រុមផលិត​«ភាពយន្តព័ត៌មានបែបកម្សាន្ត»ខ្នាតខ្លី នៃសារព័ត៌មាថ្មីៗ២៥ រីឯ កញ្ញា ញឹក ស្រីល័ក្ខ និពន្ធនាយកនៃសារព័ត៌មាន​ថ្មីៗ២៥ គឺជាអ្នកដឹកនាំក្រុមផលិតដំណឹងកម្សាន្តបែបសារព័ត៌មាននៅក្នុងបេសកកម្មនេះ។

សូមបញ្ជាក់ថា កិច្ចការផលិត​«ភាពយន្តព័ត៌មានបែបកម្សាន្ត»ខ្នាតខ្លី និងដំណឹងកម្សាន្តបែបសារព័ត៌មាននៅក្នុងខេត្តពោធិ៍សាត់នេះ បានកើតឡើងក្រោមគំនិតផ្តួចផ្តើម​របស់ថ្នាក់ដឹកនាំខេត្ត ដោយសហការជាមួយក្រុមហ៊ុនសារព័ត៌មានថ្មីៗ​២៥ ​ក្រុម​ហ៊ុន​ Mercedes-Benz និងក្រុមហ៊ុន budi ផ្គត់ផ្គង់គ្រឿងបរិក្ខាទូរស័ព្ទ៕

Ti Amo (ពស)

អត្ថបទទាក់ទង