រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម គឹម សន្តិភាព នាំយកអំណោយចែកជូនគ្រួសារប្រជាការពារ ជិត១ពាន់នាក់ ក្នុងក្រុងពោធិ៍សាត់ (Video inside)

  • 1.4ពាន់
  • ដោយ Admin
https://youtu.be/SRY_zZKX3i4

(ពោធិ៍សាត់)៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងសហការី នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូនគ្រួសារប្រជាការពារ ទូទាំងក្រុងពោធិ៍សាត់ ប្រមាណជិត១ពាន់នាក់ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ពិធីនេះប្រារព្វធ្វើនៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលខេត្តរង និងតំណាងមន្ទីរ ស្ថាប័ន អង្គភាពជុំវិញមួយចំនួនទៀត។

ឯកឧត្តម គឹម សន្តិភាព បានជម្រាបជូនថា អំណោយនេះទទួលបានការឧបត្ថម្ភពីបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រទេសញូហ្សេឡែន និងក្រុមការងារនៅទីនេះ បានចូលរួមសហការគ្នា ដើម្បីប្រមូលនូវថវិកាតាមលទ្ធភាព រៀបចំជាស្បៀងម្ហូបអាហារ សម្ភារៈប្រើប្រាស់មួយចំនួន មកជូនបងប្អូនប្រជាការពារនៅក្រុងពោធិ៍សាត់នាពេលនេះ។ ទាំងនេះគឺជាធនធាន និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើង រស់នៅនៅឯនាយសមុទ្រ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាក ជូនបងប្អូនដែលរងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ឯកឧត្តម គឹម សន្តិភាព មានប្រសាសន៍ថា ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ បានចុះមកជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចំពោះខេត្តដែលទទួលរងគ្រោះទឹកជំនន់។ កន្លងមករាជរដ្ឋាភិបាលបានទម្លាក់ថវិកា ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងរយៈពេលជំងឺកូវីដ១៩  ដែលមកដល់ពេលនេះមិនទាន់ស្រាកស្រានផង ស្រាប់តែមកជួបគ្រោះទឹកជំនន់បន្ថែមទៀត ជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាល។ ទោះយ៉ាងណា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ឃើញថា បន្ទុកចំណាយរបស់រាជរដ្ឋាភិបាលត្រូវបានកាត់បន្ថយ ដោយសារការអំពាវនាវរបស់សម្ដេច ទទួលបានថវិកាពីសប្បុរសជន ក្នុងនិងក្រៅប្រទេស ចូលរួមជាបន្តបន្ទាប់ ក្នុងរូបភាពធំក្ដី តូចក្ដី ពិតជាបានមកដល់ដៃបងប្អូនប្រជាពលរដ្ឋយើងគ្រប់ខេត្ត ដែលរងគ្រោះទឹកជំនន់។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម គឹមសន្ដិភាព និងសប្បុរសជន ក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបានបរិច្ចាកថវិកាមកជួយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក៏ដូចកម្លាំងប្រជាការពារនៅទីនេះ ក្នុងនាមឈាមជ័រជាខ្មែរដូចគ្នា។ អំណោយនេះតិចតួចមែនតែវាមានតម្លៃណាស់ ក្នុងពេលដែលបងប្អូនកំពុងជួបគ្រោះមហន្តរាយទឹកជំនន់មិនអាចរកអ្វីបានមកដោះទល់។ ឯកឧត្តមសូមឱ្យកម្លាំងប្រជាការពារទាំងអស់ ចូលរួមឱ្យបានសកម្មថែមទៀត ជាមួយសមត្ថកិច្ចមូលដ្ឋាន  ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីសេចក្ដីសុខប្រជាពលរដ្ឋយើង។

អំណោយរបស់សប្បុរសជនពីប្រទេសអូស្ត្រាលី ប្រទេសញូហ្សេឡែន និងសប្បុរសជនក្នុងរាជធានីភ្នំពេញ ដែលចែកជូនកម្លាំងប្រជាការពារនាពេលនេះ ក្នុងមួយនាក់ទទួលបាន អង្ករ២៥គីឡូក្រាម,  មី១កេស,  ទឹកបរិសុទ្ធ១កេស,  ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, សាប៊ូ,  ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, អំបិល, ស្កសរ និងថវិកាចំនួន៥ម៉ឺនរៀល៕

Ti Amo (ពស)

អត្ថបទទាក់ទង