រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

កឋិន​សមាគម​វត្ត​បាកាន ​ប្រមូល​បច្ច័យ​បាន​ជាង​៤៩​លាន​រៀល​ និង​ជាង៣ពាន់​ដុល្លារ (Video inside)

  • 1.6ពាន់
  • ដោយ Admin
https://youtu.be/w2CMdcY-FA4

(​ពោធិ៍សាត់)៖ ឆ្នាំនេះ​វត្ត​បាកាន ​ដែល​ជា​វត្តព្រះ​ពុទ្ធរូប​បែរ​ព្រះ​ភ័ក្រ្ត​ទៅទិស​ខាង​លិច ​បាន​ប្រារព្ធ​ពិធីបុណ្យកឋិន​​​ទាន​សមាគម​ ក្រោម​​ការ​ផ្ដួច​ផ្ដើម​ពីពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត ​មក​ពី​ក្នុង​ និង​ក្រៅ​ខេត្ត ដើម្បីវេរ​ត្រ័យ​ចីវរ​ប្រគេន​ព្រះ​សង្ឃ​ ដែល​គង់ចាំ​ព្រះ​វស្សា​អស់​ត្រី​មាស​ និង​ប្រមូល​បច្ច័យ​យក​ទៅ​ទូទាត់ថ្លៃកាយស្ទឹងពោធិ៍សាត់ចាស់ជាប់វត្ត ដែលក្នុងនោះមានកោះមួយ គ្រោងនឹងសាងសង់ព្រះពុទ្ធរូបមានកម្ពស់៧០ម៉ែត្រ​ ស្ថិត​ក្នុង​ឃុំ​ត្រពាំងជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។ នៅ​រសៀល​ថ្ងៃទី២៥ ​ខែតុលា ឆ្នាំ២០២០ អង្គ​កឋិន​ទាន​សមាគម​បាន​ដង្ហែប្រទក្សិណ​៣​ជុំព្រះ​វិហារ ​ដោយ​មាន​ការ​ចូលរួម​ពីម្ចាស់ត្រ័យ​​ ដូន​ជី តាជី ​និង​ពុទ្ធ​បរិស័ទ​មក​ពីគ្រប់​ទិស​ទី​យ៉ាង​ច្រើន​កុះករ​ប្រកប​ដោយភាព​អធិកអធមក្រៃលែង។

បើតាមលោក​អាចារ្យ​វត្ត ​បាន​បញ្ជាក់​ពី​អត្ថន័យ​ នៃ​បុណ្យ​កឋិនទានថា ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា និង​ការ​គោរព​បូជា​របស់​ប្រជា​ពលរដ្ឋខ្មែរតាំង​ពីយូរ​​ណាស់​មក​ហើយ គឺបុណ្យ​កឋិន​ទាន​​ធ្វើ​បាន​តែ​រយៈ​ពេល​២៩​ថ្ងៃប៉ុណ្ណោះ​ ចាប់​ពីថ្ងៃ១រោច ខែអស្សុជ​ ដល់​ថ្ងៃ១៥​កើត ​ខែកត្តិក​ ដែល​ការ​ប្រគេន​ព្រះសង្ឃ​​ក្រាល​គ្រង​នៅ​​ថ្ងៃ​ណា​មួយក៏​បាន​ដែរ ហើយ​វត្តមួយ​ធ្វើ​បាន​តែ​ម្ដងទេ​ក្នុង​មួយ​ឆ្នាំ។

លោកអាចារ្យបន្តថា កឋិន គឺ​ជា​សំពត់​ដែល​ទាយ​ក-ទា​យិកា​ នាំយក​គ្រឿង​ស្លៀក​ដណ្ដប់​ ដែល​ដេរ​ភ្ជាប់​ដោយចេស​​មាន​​ឈ្មោះ​ថា ចីវរ ​ទៅ​ប្រគេន​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​​គង់​ចាំ​ព្រះវស្សា​អស់​​​រយៈ​ពេល៣​ខែរួចមក​ហើយ។ ចំពោះ​បុគ្គល​​ដែល​ធ្វើ ​គប្បី​ធ្វើឱ្យត្រូវតាម​​របៀប​វិន័យ​ព្រះ​ពុទ្ធដែរ ទើប​កើត​ជា​កឋិន​ពេញ​លក្ខណៈ រីឯអា​និសង្ស គឺ​ទាយក​អ្នក​ធ្វើ​កឋិន​បាន​អានិសង្ស​​​ច្រើន​ ឯភិក្ខុ​សង្ឃអ្នក​ទទួល​ក្រាល​គ្រង និង​អនុមោទ​នាក៏​បាន​អានិសង្ស៥​យ៉ាង​ដែរ។

ព្រះតេជ​គុណ​ ឡាយ​ កន ​ព្រះ​គ្រូចៅ​អធិ​ការ​វត្ត​បា​កាន ​មាន​ថេរដីកា​ថា កឋិន​ទាន​សមាគម​នេះ​ប្រមូល​បាន​បច្ច័យ​៤៩,​២៥០,០០០​រៀល, ៣,០០៥​ដុល្លារ និង៧,៥០០បាត សម្រាប់​យក​ទៅ​ទូទាត់ថ្លៃកាយស្ទឹងពោធិ៍សាត់ចាស់ជាប់វត្ត ដែលក្នុងនោះមានកោះមួយ គ្រោងនឹងសាងសង់ព្រះពុទ្ធរូបមានកម្ពស់៧០ម៉ែត្រ។ ព្រះចៅ​អធិការ​បាន​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពុទ្ធ​បរិស័ទ​ទាំង​អស់ ​ដែល​បាន​នាំ​យក​ត្រ័យ​ចីវរ​មក​ប្រគេន​ដល់​ព្រះ​សង្ឃ​គង់​ចាំព្រះ​វស្សា​អស់​កាល​ត្រី​មាស​ក្នុង​វត្ត​បាកាន​នេះ​ និង​បាន​ចូល​រួម​បច្ច័យ​ជា​កម្លាំង​មហា​សាមគ្គី​សម្រាប់​ចូល​រួម​នា​ពេលនេះ។ ​សូមឱ្យវត្ថុ​​ស័ក្តិសិទ្ធិក្នុងលោក​ ពិសេសបារមី​ព្រះពុទ្ធ​រូប​បែរ​ព្រះភ័ក្រ្ត​ទៅ​ទិស​ខាង​លិច​នៅ​វត្ត​បាកាន ​​តាម​ជួយបីបាច់ថែរក្សា​បង​ប្អូន​ទាំង​អស់​គ្រប់ទិវា​រាត្រី ៕ ​

Ti Amo (ពស)

អត្ថបទទាក់ទង