រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន នាំយកអំណោយចែកជូនប្រជាពលរដ្ឋ៣០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

  • 791
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដែលមានជីវភាពខ្វះខាត បណ្ដាលមកពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំកញ្ជរ ស្រុកកណ្ដៀង ដោយមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម, មី១កេស, ធុងជ័រចំណុះ២០លីត្រចំនួន១, ពីដុងចំណុះ២០លីត្រចំនួន១, ថ្នាំក្លរសម្រាប់ដាក់ទឹកប្រើប្រាស់, សាប៊ូប្រូតិចចំនួន២ដុំ និងសាប៊ូម្សៅ២កញ្ចប់។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរ និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និងផលដំណាំរបស់ប្រជាពលរដ្ឋ ដោយសារតែគ្រោះធម្មជាតិទឹកជំនន់នេះ។ មិនតែប៉ុណ្ណោះ បានធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវថ្នល់ ស្ពាន លូ សាលារៀន មណ្ឌលសុខភាព និងបាត់បង់ថវិការជាតិយ៉ាងធ្ងន់ធ្ងរ។ នេះជាគ្រោះធម្មជាតិ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ មិនអាចបន្ទោសអ្នកណាបានទេ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា «ទឹកជំនន់ឆ្នាំ២០២០នេះ មិនមែនកើតមានតែនៅខេត្តពោធិ៍សាត់យើងមួយទេ គឺកើតមានស្ទើរតែគ្រប់ខេត្ត សូម្បីតែនៅរាជធានីភ្នំពេញ ក៏លិចទឹកដូចគ្នាដែរ។ ក្នុងពេលគ្រោះទឹកជំនន់កើតឡើងនេះ ទាំងប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំក្នុងខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ បានខិតខំទាំងយប់ ទាំងថ្ងៃ ក្នុងការទប់ទល់ទឹកជំនន់ និងជួយសង្គ្រោះប្រជាពលរដ្ឋ»។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រុញសូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យខ្លួនប្រាណ ប្រយ័ត្នសត្វអសិរពឹសទិចឬខាំ ប្រយ័ត្នក្មេងតូចៗលង់ទឹក ត្រូវផឹកទឹកដាំពុះ និងត្រូវបន្តអនុវត្តន៍វិធីការការពារជំងឺកូវីដ១៩កុំឱ្យឆ្លង។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យ ស្ថានភាពផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង២៣០០ម៉ែត្រ, អណ្ដូងទឹក និងបង្គន់អនាម័យ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង នៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ដោយឡែកផ្លូវក្រាលក្រួសក្រហមប្រវែង២,៣០០ម៉ែត្រ ដែលបានខូច ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដាក់បញ្ចូលទៅក្នុងគម្រោងជួសជុលបន្ទាន់ ដើម្បីធ្វើការជួសជុលក្នុងពេលឆាប់ៗខាងមុខនេះ៕

Ti Amo (ពស)

អត្ថបទទាក់ទង