រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

លោកស្រី ឆោម ខ្វាន់ និងស្វាមី ឧបត្ថម្ភអង្ករ២តោន រួមទាំងគ្រឿងឧបភោគបរិភោគ និងថិវកា ជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ មកដល់ពេលនេះ ការចូលរួមជាចំណែក នៃការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងតាមបណ្តាខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែបន្តមានឡើង។

ក្នុងនោះខេត្តពោធិ៍សាត់ ក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការបរិច្ចាគថវិកា និងស្បៀងអាហារ ដល់អ្នករងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនោះផងដែរ។

ជាក់ស្តែងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ គេឃើញមានវត្តមាន លោកស្រី ឆោម ខ្វាន់ និងស្វាមី បានឧបត្ថម្ភអង្ករ២តោន, ត្រីខ១០០យួរ, មី១០០កេសតូច និងថវិកា៥លានរៀល ដើម្បីជួយរំលែកទុក្ខដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ ដែលកំពុងតែត្រូវការស្បៀងជាចាំបាច់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល សូមថ្លែងអំណរគុណ ដល់លោកស្រី ឆោម ខ្វាន់ និងស្វាមី ដែលបាននាំយកនូវថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ ចុះចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់។ ទង្វើ និងសកម្មភាពមនុស្សធម៌ របស់លោកស្រី ឆោម ខ្វាន់ និងស្វាមី សបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយ រដ្ឋបាលសាលាខេត្ត ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះ ជាសក្ខីភាពស្រាប់។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង