រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ប្រគល់ថវិការបស់សម្តេចតេជោ ជូនគ្រួសារសពលង់ទឹកស្លាប់ដោយសារទឹកជំនន់, អាជ្ញាធររ៉ាប់រងទាំងស្រុងចំពោះការរៀបចំបុណ្យសពជនរងគ្រោះ ៣នាក់ (Video inside)

  • 969
  • ដោយ Admin
https://web.facebook.com/100008393857378/videos/2848704945419273/

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រកាសថា ឯកឧត្តមនឹងចេញមុខធានារ៉ាប់រងទាំងស្រុងចំពោះការរៀបចំបុណ្យសពជនរងគ្រោះ ៣នាក់ ដែលលង់ទឹកស្លាប់កំលុងពេលមានជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់។

ការប្រកាសឱ្យដឹងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចុះពិនិត្យស្ថានភាពទឹក និងទទួលអំណោយពីសប្បុរសជន នាពេលថ្មីៗនេះ ដែលជាការចូលរួមចំណែកសម្រាប់ការងារមនុស្សធម៌ ជួយសង្គ្រោះដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់។

សពជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង៣នាក់នោះ រួមមាន៖
១៖ កុមារាឈ្មោះ សឿន សំណាង អាយុ១៤ឆ្នាំ
២៖ ឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ
៣៖ ឈ្មោះ សុខ ស៊ន ភេទប្រុស អាយុ៥៣ឆ្នាំ។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមថវិកាចូលបុណ្យជាមួយគ្រួសារសព ក្នុងម្នាក់ទទួលបានថវិកា១០ លានរៀល។ គ្រួសារសពម្នាក់ៗក៏បានទទួលជំនួយបន្ថែមទៀតផងដែរ រួមមានអង្ករ២០០គីឡូក្រាម, មី១កេសធំ, នំធុង២កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ៣ឡូតិ៍ និងប្រេងសណ្តែក២ដប។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀងបានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ពន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស ៦នាក់។

ជាមួយគ្នានោះ មានករណីលង់ទឹកថ្មីកើតឡើងលើជនរងគ្រោះឈ្មោះ ឡៃ ស្រីមួយ ភេទស្រី អាយុ៩ឆ្នាំ និងឈ្មោះ រឹទ្ធ ម៉ូលីកា ភេទស្រី អាយុ៧ឆ្នាំ ដែលបានចុះលេងទឹកស្ទឹងលង់ស្លាប់ កាលពីថ្ងៃទី១៦ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ទើបប្រទះឃើញសាកសពក្មេងស្រីឈ្មោះ ឡៃ ស្រីមួយ កំពុងអណ្តែតក្នុងទឹកស្ទឹងនៅចំណុចចុងស្ទឹងព្រែកត្របែក ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង រីឯម្នាក់ទៀតត្រូវបានរងឃើញ នាព្រឹកថ្ងៃទី១៨ ខែតុលានេះផងដែរ។

ដោយឡែក នៅថ្ងៃដដែលក៏មានករណីដើរធ្លាក់ទឹកអូរលង់ស្លាប់ កើតលើជនរងគ្រោះម្នាក់ទៀតឈ្មោះ ទឹម គា ភេទប្រុស អាយុ៥៣ឆ្នាំ។ ចំពោះករណីទាំងពីរសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Ti Amo (ពស)

អត្ថបទទាក់ទង