រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្នាក់ដឹកនាំ និងក្រុមការងារសមាគម TYDA ចុះចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ ១,៣០០គ្រួសារ នៅខេត្តពោធិ៍សាត់ (Video inside)

  • 658
  • ដោយ Admin
https://web.facebook.com/100008393857378/videos/2848683982088036/

(ពោធិ៍សាត់)៖ ដោយមើលឃើញនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមការងារចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ១,៣០០ គ្រួសារ មកពី៨ឃុំ ស្ថិតនៅក្នុងស្រុកកណ្តៀង ក្នុងនោះចែកចេញជា ៣ទីតាំង ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន។

ក្នុងឱកាសនោះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំប្រសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយទាំងអស់ ដែលបាននាំយកអំណោយទាំងនេះ មកឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។

ទាក់ទងនឹងគ្រោះទឹកជំនន់ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព មានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនូវគ្រោះធម្មជាតិ។

ផ្អែកតាមរបាយការណ៍ របស់លោកអភិបាលស្រុកកណ្តៀង បានឱ្យដឹងថា ទូទាំងស្រុក មាន៩ឃុំ ក្នុងនោះ ៨ឃុំ បានលិចលង់ និងបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរហូតដល់ ១០,៦៣៤គ្រួសារ ស្លាប់មនុស្ស៣នាក់ និងហេដ្ឋារចនាសម្ពន្ធមួយចំនួនទៀត។

សូមជម្រាបថា អំណោយមនុស្សធម៌ទាំងនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ត្រីខ២០កំប៉ុង, ភួយ១, សារុង១, ថ្នាំពេទ្យ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។ ជាមួយគ្នានោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានមកពិនិត្យពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង