រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឧកញ៉ា ស្រី ចាន់ថន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet's Group និងជាប្រធានចលនាយុវជនកម្ពុជា សាខាខេត្តកណ្តាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារយុវជន១៥៧ និងក្រុមការងារយុវជនក្រៅប្រទេស ទទួលបន្ទុករដ្ឋអូរីហ្កែន ក្នុងតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមរិក ទៅចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន២០០គ្រួសារ នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានយុវជនក្រៅប្រទេស និងដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងតែត្រូវការស្បៀងជាចាំបាច់ លោកឧកញ៉ាក៏បានឆ្លើយតប និងបានគៀងគររកមូលនីធិ ពីដៃគូវិនិយោគ  និងសប្បុរសជន ក្នុងនិងក្រៅប្រទេស ដើម្បីប្រមូលថវិកា និងសម្ភារៈ ជួយសម្រាលបន្ទុកដល់ពួកគាត់។ ជាក់ស្តែងអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ទាំង២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម, មី២កេសតូច, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ១០កំប៉ុង, ទឹកសុទ្ធ១កេស និងថវិកា៤ម៉ឺនរៀល។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល សូមថ្លែងអំណរគុណ ដល់លោកឧកញ៉ា ស្រី ចាន់ថន រួមទាំងសប្បុរសជន ក្នុងនិងក្រៅប្រទេស ដែលបាននាំយកនូវថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ ចុះចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់។ ទង្វើ និងសកម្មភាពមនុស្សធម៌ របស់លោកឧកញ៉ា រួមទាំងសប្បុរសជន សបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយ រដ្ឋបាលសាលាខេត្ត ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះ ជាសក្ខីភាពស្រាប់។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៣នាក់ផងដែរ។ ទន្ទឹមនឹងនោះ បច្ចុប្បន្ន បើទោះបីជាស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានថយចុះយ៉ាងណាក្តី ក៏អាជ្ញាធរខេត្តពោធិ៍សាត់ នៅតែអំពាវនាវជាប្រចាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះបញ្ហាភ្លៀងធ្លាក់ បញ្ហាទឹកជំនន់ និងទ្រព្យសម្បត្តិ សត្វចិញ្ចឹមរបស់ខ្លួន៕

Ti Amo (ពស)

អត្ថបទទាក់ទង