រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ទទួលទឹកបរិសុទ្ធអរុណា ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចំនួន១៤៧២១កេស ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

  • 813
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានទទួលទឹកបរិសុទ្ធអរុណា ចំនួន១៤៧២១កេស ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈ​ ឯកឧត្តម​ គីម វីរៈ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​។

ឯកឧត្តម​ គីម វីរៈ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ទឹកបរិសុទ្ធអរុណា ចំនួន១៤៧២១កេស ដែលត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់នាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានបញ្ចេញទឹកសុទ្ធចេញពីស្តុកបម្រុងចំនួន ៤៦,៤៩១កេស ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្នុងមួយគ្រួសារចំនួន១កេស។ ឯកឧត្តម គីម វីរៈ បានបន្ថែមថា ទឹកបរិសុទ្ធនេះ កំពុងតែដឹកជញ្ជូនទៅកាន់គោលដៅ តាមរយៈកងដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទទាំងយប់។ ជាក់ស្តែងដូចជាខេត្តពោធិ៍សាត់ជាដើមនេះ ត្រូវបានប្រគល់ជូនទឹកបរិសុទ្ធទៅដល់គោលដៅមុនគេ។

នៅក្នុងឱកាសនោះ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងយកចិត្តទុក្ខដាក់ ដោះស្រាយជាបន្ទាន់រាល់ពេលមានគ្រោះមហន្តរាយម្តងៗ​។

សូមបញ្ជាក់ថា ក្រៅតែពីការជួយសង្គ្រោះ និងណែនាំអាជ្ញាធរឱ្យផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិកាបានពីសប្បុរសជនទម្លាក់ទៅកាន់ខេត្តរាជធានី ខេត្តរងការជន់លិច ដែលក្នុងនោះខេត្តពោធិ៍សាត់ បានទទួលថវិកាសង្គ្រោះពីសម្តេចតេជោ ចំនួន១០ម៉ឺនដុល្លារ ដើម្បីដោះស្រាយការលំបាកទាំងឡាយ ក៏ដូចជាជួយផ្គត់ផ្គង់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕

Ti Amo (ពស)

អត្ថបទទាក់ទង