រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អ្នកនាំពាក្យរដ្ឋបាលខេត្ត៖ គិតត្រឹមថ្ងៃទី១២ ខែតុលានេះ ក្រុង-ស្រុកចំនួន៦ ក្នុងខេត្តពោធិ៍សាត់ កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង (Photo & Video inside)

  • 813
  • ដោយ Admin
https://www.youtube.com/watch?v=-nd5CND1huw&feature=emb_title

(ពោធិ៍សាត់)៖ អ្នកនាំពាក្យរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានទទួលរងគ្រោះដោយទឹកជំនន់ ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រជាពលរដ្ឋចំនួន១២.៨៤១គ្រួសារ នៅក្នុង0៦ក្រុង/ស្រុក។

ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់ ស្មើនឹង៣៤ឃុំ/សង្កាត់, ព្រមទាំងប៉ះពាល់ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖ ស្រូវចំនួន១៤.៣១៤ ហិកតា, ដំណាំកសិឧស្សាហកម្មចំនួន២.៥៧១ហិកតា, ខូចខាតដំណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន៩៦៣ហិកតា, ទឹកលិចផ្លូវ (ផ្លូវកៅស៊ូ, គ្រួសក្រហម និងផ្លូវដីស) សរុបចំនួន១០០ខ្សែ ស្មើនឹង៨០.៦៧០ម៉ែត្រ, ដាច់ផ្លូវចំនួន០៤កន្លែង មានប្រវែង១.៤០៥ ម៉ែត្រ, ខូចស្ពានចំនួន០៩កន្លែង, ខូចលូចំនួន២២កន្លែង, ដាច់ផ្លូវលំភូមិចំនួន០៣កន្លែង, ផ្ទះសំបែងប្រជាពលរដ្ឋខូចខាតទាំងស្រុងចំនួន២៣ខ្នង, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទួលសុវត្ថិភាពចំនួន១៩៧គ្រួសារ, លិចសាលារៀនចំនួន២៦កន្លែង, លិចវត្ដអារាមចំនួន៣៣កន្លែង, លិចមណ្ឌលសុខភាពចំនួន៣កន្លែង, និងមានករណីលង់ទឹកស្លាប់ចំនួន០២នាក់។

យោងតាមការតាមដានកម្ពស់ទឹកនៅក្នុងថ្ងៃនេះ ឃើញថាទឹកស្ទឹងស្រុកភ្នំក្រវាញ មានកម្ពស់៦.១៩ម៉ែត្រ (ថយចុះ០,៤៣ម), ស្ទឹងស្រុកវាលវែងមានកម្ពស់៣.៧៥ម៉ែត្រ (ថយចុះ០,២៥ម), ស្ទឹងពោធិ៍សាត់មានកម្ពស់ចំនួន៥.៤៧ម៉ែត្រ(ថយចុះ ០,៤០ម) និងទន្លេកំពង់លួងមានកម្ពស់៤.១៦ម៉ែត្រ (កើនឡើង០,១២ម)៕

Ti Amo (ពស)

អត្ថបទទាក់ទង