រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ ចាប់ផ្តើមស្រកចុះបណ្តើរៗហើយ, ថ្ងៃនេះអភិបាលខេត្តពោធិ៍សាត់ បន្តចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀង ចែកជូនពលរដ្ឋរងគ្រោះ នៅតាមគោលដៅមួយចំនួន (Video inside)

  • 960
  • ដោយ Admin
https://www.youtube.com/watch?v=-nd5CND1huw&feature=youtu.be

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រយះពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២០ បានចុះជាបន្តបន្ទាប់ ដើម្បីពិនិត្យពីស្ថានភាពទឹក និងប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុប អន្តរាគមន៍ជួយសង្គ្រោះ និងនាំយកអំណោយ រួមមានស្បៀង និងថ្នាំសង្កូវមួយចំនួន ទៅចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជាង៣ពាន់គ្រួសារ ខណៈទឹកកំពុងដាក់សម្ពាធ មកលើ៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ហើយនឹងត្រូវស្រកចុះជាបណ្តើរៗ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក និងជនរងគ្រោះ។ ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៥ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ សម្រាប់រថយន្តធុនធំ នេះដោយសារជំនន់ទឹកភ្លៀង បានជន់លិចលើកំណាត់ផ្លូវនេះ។ ឯកឧត្តមបានបន្ថែមថា ខេត្តបាននឹងកំពុងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ចលនាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្អូនៗយុវជនគ្រប់អង្គភាព បែងចែកកម្លាំងគ្នាចុះអន្ដរាគមន៍ ជួយទប់ទឹក ជន្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព និងនាំយកស្បៀងទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងលិចលង់គ្រប់ទីកន្លែង។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។


បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹង នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៥.៤៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៦.០១ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ៣.៧៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ចំពោះស្ថានភាពស្ទឹងក្រវាញ កម្ពស់ទឹកបានចាប់ផ្តើមស្រកបន្ត ១.១៤ម៉ែត្រ និងស្ទឹងអារ៉ៃ បានស្រក ១ម៉ែត្រ។ ដោយឡែកស្ថានភាពស្ទឹងក្រុងពោធិ៍សាត់ កម្ពស់ទឹកចាប់ផ្តើមស្រកបាន ០.០៧ម៉ែត្រ។ លោកប្រធានមន្ទីរបន្តថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់បន្តទៀតទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់ ខណៈដែលបច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចេក្តីជូនដំណឹងបន្ថែមថ្មីមួយ ដល់សាធារណជនឱ្យបានជ្រាបថា ស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគួបផ្សំនៅយប់ថ្ងៃនេះ ព្យុះទី១៥ ឈ្មោះ លីនហ្វា (LINFA) បាននឹងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឱ្យទឹកទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក នឹងហក់ឡើងដែលអាចក្លាយជាជំនន់។ ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប។

Ti Amo (ពស)

អត្ថបទទាក់ទង