រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីផលប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល ០៥ថ្ងៃជាប់គ្នា (Photo inside)

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ អ្នកនាំពាក្យរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងបងប្អូនប្រជាពលរដ្ឋ និងសាធារណជន បានជ្រាបថា ស្ថានភាពទឹកជំន​ន់ ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល ០៥ថ្ងៃជាប់គ្នា នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កឲ្យមានទឹកជំនន់ ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន ០៥ ក្រុង ស្រុក និង២៩ ឃុំ សង្កាត់ ដែលបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា៖

១.ស្រុកវាលវែង៖ ប៉ះពាល់ចំនួន ៥ ឃុំ រួមមានឃុំប្រម៉ោយ ឃុំអន្លង់រាប ឃុំក្រពើពីរ ឃុំថ្មដា និងឃុំ​អូរសោម ក្នុងនោះលិចផ្ទះសំបែងប្រជាពលរដ្ឋសរុបចំនួន ២៣ខ្នង (ខូចខាតទាំងស្រុង​ចំនួន ១៩ខ្នង និងខូចខាតមធ្យមចំនួន ៤ខ្នង) ខូចខាតស​ម្ភារប្រើប្រាស់​ផ្សេងៗមាន គោយន្ដ​ចំនួន ០៣គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ម៉ាស៊ីនគ្រប់ប្រភេទ​​សរុបចំនួន ២២គ្រឿង និងសម្ភារប្រើប្រាស់ជាច្រើនទៀត​, ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ប្រភេទមាន ខូចស្ពានចំនួន ០៩កន្លែង ខូចលូចំនួន ២០កន្លែង បាក់ស្រុតក្បាលលូ​ចំនួន ០១កន្លែង (ភូមិ​តាឡុះ) ថ្នល់គ្រួស​ក្រហម​ប្រវែង ១,២២៦ម៉ែត្រ និងខូចខាតដំណាំគ្រប់ប្រភេទសរុបចំនួន១,៦៧៣.៥ ហិកតា និង ២០,១២០ ដើម។   

២.ក្រុងពោធិ៍សាត់៖ ប៉ះពាល់ ០៦ សង្កាត់ ក្នុងនោះលិចស្រូវ ចំនួន ១,៣០៤ ហិកតា លិចផ្លូវចំនួន ៣៩ ខែ្ស ស្មើនឹង ២៥,៥២២ ម៉ែត្រ ក្នុងនោះផ្លូវលំដីស ចំនួន ​០៩ខ្សែ ស្មើនឹង ៤,០៣២ ម៉ែត្រ ផ្លូវគ្រួសក្រហម ចំនួន ២៤ ខ្សែ ស្មើនឹង ១៣,៧៥០ ម៉ែត្រ ផ្លូវកៅស៊ូ​ចំនួន ០៣ ខ្សែ ស្មើនឹង ៧,២៥០ ម៉ែត្រ និងផ្លូវបេតុងចំនួន ០៣ខ្សែ ស្មើនឹង ៥៣៥ម៉ែត្រ។

៣.ស្រុកកណ្តៀង៖ ប៉ះពាល់ ០៨ឃុំ ស្មើនឹង ៦៦ភូមិ ក្នុងនោះលិចផ្លូវកៅស៊ូ ៩,៤៣០ម៉ែត្រ ផ្លូវដីក្រហមចំនួន ៣,៣០០ម៉ែត្រ បាក់ទំនប់ចំនួន ០៣កន្លែងមានប្រវែង ២៣ម៉ែត្រ ប៉ះពាល់ស្រូវចំនួន ៣,៤៨៥ហិកតា ​ស្រូវប៉ះពាល់ខ្លាំងចំនួន ១,៦១៤ហិកតា ស្រូវខូចចំនួន ៧៧៨ហិកតា និងប៉ះពាល់​ដំណាំចំនួន ៦ហិកតា។

៤.ស្រុកភ្នំក្រវាញ៖ ប៉ះពាល់ ០៤ឃុំ រួមមានឃុំ​សំរោង ឃុំ​រកាត ឃុំ​បាក់ចិញ្ជៀន ឃុំព្រងិល ក្នុងនោះលិចស្រូវចំនួន ២៣០ ហិកតា ដំឡូងមីចំនួន ៣៦១ ហិកតា ពោតចំនួន ៣៥២ហិកតា ខូចខាតផ្លូវកៅស៊ូចំនួន ០៣កន្លែង ផ្លូវ​គ្រួសក្រហមចំនួន ២៦៥ ម៉ែត្រ រលំផ្ទះចំនួន ០១ខ្នង ដាច់ច្រោះក្បាលលូចំនួន​ ០១កន្លែង និងដាច់ផ្លូវចំនួន ០៤ កន្លែងមានប្រវែង ១,៤០៥ ម ។

៥.ស្រុកបាកាន៖ ប៉ះពាល់​ ០៦ឃុំស្មើនឹង ៤៣ភូមិ ក្នុងនោះ​ផ្ទៃដីស្រូវដែលរងផល់​ប៉ះពាល់ចំនួន ១,៩២០.៥ ហិកតា ខ្នងផ្ទះដែលរងផលប៉ះពាល់​ចំនួន​ ២៥ខ្នង (ឃុំ​ត្រពាំងជងចំនួន ១២ខ្នង និងឃុំ​ស្នាមព្រះចំនួន ១៣ខ្នង)។ ​

ចំពោះទីតាំងដែលរងគ្រោះខាងលើ គណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង។

យោងតាមការតាមដានកម្ពស់ទឹកនៅក្នុងថ្ងៃនេះ ឃើញថាកម្ពស់ទឹកស្ទឹងស្រុកភ្នំក្រវាញមានចំនួន ៧,១៩ ម៉ែត្រ នៅក្នុងក្រុងពោធិ៍សាត់បាននឹង​កំពុងបន្ដឡើង។

អាស្រ័យហេតុ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទទាក់ទង