រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់កំពុងរងការវាយប្រហារពីជំនន់ទឹកភ្លៀង, ឯកឧត្តម ម៉ៅ ធនិន បាននឹងកំពុងប្រើប្រាស់កម្លាំងសរុប ដើម្បីជួយជន្លៀសបងប្អូនប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព (Video inside)

  • 1.0ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ខេត្តពោធិ៍សាត់បាននឹងកំពុងទទួលរងពីជំនន់ទឹកភ្លៀង ជាលើកទី៣ បណ្ដាលឱ្យលិចលង់តំបន់មួយចំនួនក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន និងបន្តហូរធ្លាក់ទៅវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមខ្នងប្រឡាយ មាត់ស្ទឹង និងជាយៗ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង។

ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបងញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងដឹកនាំកម្លាំងសរុប មធ្យោបាយសរុប ចលនាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្អូនៗយុវជនគ្រប់អង្គភាព បែងចែកកម្លាំងគ្នាចុះអន្ដរាគមន៍ ជួយទប់ទឹក ជន្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព និងនាំយកស្បៀងទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងលិចលង់គ្រប់ទីកន្លែង។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះថា បច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងវាយប្រហារ ស្រុកភ្នំក្រវាញ លិចផ្លូវជាតិលេខ៥៥ ចំនួន០២កន្លែង ក្នុងឃុំសំរោង និងលិចទំនប់បង្ហៀរកាត់ស្ទឹងអារ៉ៃ ក្នុងឃុំរកាត មួយកន្លែងទៀត មិនអាចឱ្យអ្នកដំណើរឆ្លងកាត់បាននោះទេ លុះត្រាតែរង់ចាំទឹកស្រកសិន។ នៅក្រុងពោធិ៍សាត់ហៀរលើខឿនមាត់ស្ទឹងខាងមុខសាលាខេត្ត ខាងមុខមន្ទីរពេទ្យ លិចផ្លូវគ្រួសក្រហម សាលារៀន និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមខ្នងប្រឡាយ មាត់ស្ទឹង និងជាយៗក្រុង។ ចំពោះស្រុកណ្ដៀងហូរចាក់សាលាបឋមសិក្សាពោធិ៍កំបោរ ហៀរលើផ្លូវគ្រប់ទីកន្លែង និងមានកាត់ផ្ដាច់ផ្លូវថ្នល់មួយចំនួនផងដែរ។ ចំណែកឯស្រុកវាលវែងវិញមិនជាបញ្ហាប៉ុន្មាននោះទេ ដោយសារនៅតំបន់ភ្នំ ទឹកលិចផ្លូវតែពេលកំពុងភ្លៀងប៉ុណ្ណោះ លុះពីរបីម៉ោងក្រោយមកទឹកនឹងហូរមកផ្នែកខាងក្រោមអស់ហើយ។

លោកប្រធានមន្ទីរបានបន្តថា បើទោះបីកម្ពស់ទឹកស្ទឹងវាលវែង បានស្រកបណ្ដើរៗក៏ពិតមែន ពោលកម្ពស់ទឹកព្រឹកនេះ ៤ម៉ែត្រ (ប្រកាសអាសន្ន ១០ម៉ែត្រ) ក៏ប៉ុន្តែទឹកនៅតែបន្តហូរធ្លាក់តាមស្ទឹងក្រវាញ ៧.១៥ម៉ែត្រ (ប្រកាសអាសន្ន ៦ម៉ែត្រ) និងដាក់សម្ពាធខ្លាំងមកស្ទឹងពោធិ៍សាត់ ៥.៥២ម៉ែត្រ (ប្រកាសអាសន្ន ៥ម៉ែត្រ) ហើយធ្វើឱ្យប៉ពាល់ផ្ទះសម្បែង ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន របស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀងផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ គេឃើញមានវត្តមានរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យ ដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង និងបញ្ជាឱ្យក្រុមការងារបច្ចេកទេស សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction បើកទ្វារទឹក៤ នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ ហើយទម្លាក់ចូលទៅបឹងទន្លេសាប។

នេះជាការឆ្លើយតប តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់ និងដឹកនាំកម្លាំងត្រៀមចេញជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ដ្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ពីគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារតាមបណ្តាខេត្តមួយចំនួន៕

Ti Amo (ពស)

អត្ថបទទាក់ទង