រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិត៨០មេហ្គាវ៉ាត់ ចាប់ផ្តើមចេញដំណើរហើយ, ថ្ងៃនេះអភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំពិភាក្សា ការអនុវត្តសំណង ដែលរងផលប៉ះពាល់ពីគម្រោងនេះ

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណង ការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះប្រារព្ធធ្វើនៅ សាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (Steung Pursat Hydro Power)របស់កូរ៉េ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាឃុំដែលមានការពាក់ព័ន្ធ និងប្រតិភូជាច្រើននាក់ទៀត។ ក្នុងកិច្ចប្រជុំនោះ ក៏មានរបៀបវារៈ ផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការទទួលពាក្យរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង លើទីតាំងដីគម្របព្រៃឈើ និងតំបន់ការពារធនធានធម្មជាតិ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាក្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានផងដែរ។

បន្ទាប់ពីលោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្ត បានអានសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណង ការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១រួចមក, ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក កាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។ ឯកឧត្តមបានបន្តថា អ្វីដែលជាការចាប់ផ្តើម ចាំបាច់បំផុត គឺការដោះស្រាយផលប៉ះពាល់ ដូច្នេះស្នើឱ្យអាជ្ញាធរស្រុក ពិនិត្យជាក់ស្តែង និងរក្សាបច្ចុប្បន្នភាពគ្រួសារដែលត្រូវទទួលសំណង ចំនួន៣៤៧គ្រួសារ ស្នើនឹង១៤៣៦នាក់ឱ្យនៅដដែល។ ឯកឧត្តមបានបន្ថែមថា ទីតាំងលំនៅថ្មីដែលត្រូវផ្តល់ជូនពួកគាត់ សូមឱ្យក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចុះសិក្សាសារជាថ្មីម្តងទៀត ថាតើដីនៅតំបន់នោះ អំណោយផលទៅលើដំណាំកសិកម្មដែរឬក៏អត់? ឯកឧត្តមបានបន្តទៀតថា ផ្ទះដែលសាងសង់ជូនប្រជាពលរដ្ឋ សូមស្នើឱ្យស្ថាបនាផ្ទះគម្រូមួយខ្នង ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។ ជាមួយគ្នានោះ ឯកឧត្តមបានធ្វើការណែនាំ ដល់តំណាងក្រុមហ៊ុនវិនិយោគ រាល់ការងារក្នុងការដ្ឋាន ត្រូវមានកិច្ចសហការល្អ ជាមួយក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ឬអាជ្ញាធរដែនដី ដើម្បីពន្លឿន និងបញ្ជៀសនូវហានិភ័យ នៃការអនុវត្តន៍គម្រោងខាងលើ។

ក្នុងថ្ងៃដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ម៉ៅ ធនិន បានបន្តសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀងផ្ទាល់ដៃ ជូនប្រជាពលរដ្ឋក្រីក្រ និងគ្រួសារខ្វះខាតស្បៀងពិតប្រាកដ បានជាង៣០០នាក់ នៅសាលាខេត្តពោធិ៍សាត់ផងដែរ។

គួរជម្រាបថាមកដល់ពេលនេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា។ កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៦០មេហ្គាវ៉ាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង