រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តពោធិ៍សាត់ បញ្ជាឱ្យអាជ្ញាធរក្រុង និងក្រុមហ៊ុនសាងសង់ផ្លូវវាងក្រុង ត្រូវចុះពិនិត្យ និងដោះស្រាយបើកមុខទឹកជាបន្ទាន់ ដើម្បីរំដោះជំនន់ទឹកភ្លៀង ចេញពីក្រុងពោធិ៍សាត់

ដោយ Adminចំនួនទស្សនា (558)

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យអាជ្ញាធរក្រុងពោធិ៍សាត់ និងក្រុមហ៊ុនសាងសង់ផ្លូវវាងក្រុង ត្រូវចុះពិនិត្យជាក់ស្តែង នៅទីតាំងដែលត្រូវបើកមុខទឹក ធ្វើយ៉ាងណាដើម្បីរំដោះជំនន់ទឹកភ្លៀង ដែលកំពុងជនលិច ឱ្យបានឆាប់រហ័ស។ ជាមួយគ្នានោះត្រូវរាយការណ៍បន្ទាន់ នូវស្ថានភាពជាក់ស្តែងមករដ្ឋបាលខេត្ត ដើម្បីពិនិត្យឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាបែបនេះ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជនលិច នៅក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ ដោយបានការចូលរួមពី អភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ផ្លូវវាងក្រុង និងក្រុមហ៊ុនសាងសង់អាងប្រពឹត្តិកម្មទឹក រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះភ្លៀងជាបន្តបន្ទាប់ រយៈពេល២ថ្ងៃជាប់ៗគ្នា ធ្វើឱ្យភូមិសាស្រ្តខេត្តពោធិ៍សាត់ជួបនូវបញ្ហាទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងពោធិ៍សាត់ ដែលហូរកាត់ក្រុង-ស្រុកចំនួន ៤ (ក្នុងនោះមាន ១៨ ឃុំ-សង្កាត់) បណ្តាលឱ្យប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ឯកឧត្តមបានបន្តថា អ្វីដែលជាចំណុចសំខាន់នៅចំពោះមុខនេះ គឺយើងត្រូវធ្វើយ៉ាងណា រំដោះទឹកដែលកំពុងជន់លិច នៅក្នុងពោះស្ទឹង និងទឹកដែលបានបែកសាចទៅតាមវាលទំនាប នៃសង្កាត់នីមួយៗ ក្នុងក្រុងពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវវាងក្រុងដែលមានប្រវែង១១គីឡូម៉ែត្រ ទទឹង៦០ម៉ែត្រ និងមានស្ពានអាកាសឆ្លងកាត់ស្ទឹងពោធិ៍សាត់ គឺជាផ្លូវសេដ្ឋកិច្ចថ្មីមួយ ដែលសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើរ ជៀសវាងកកស្ទះពេលចូលទីប្រជុំជនក្រុង។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដើម្បីជាសោភណ្ឌភាព និងដើម្បីលើកមុខមាត់របស់ខេត្តយើង រដ្ឋបាលខេត្តតម្រូវឱ្យទុកសង្ខាងផ្លូវ១០ម៉ែត្រ និងទ្រូងផ្លូវ២ម៉ែត្រ ដើម្បីដាំផ្កា ឬរុក្ខជាតិណា ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ខេត្តពោធិ៍សាត់។ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា យើងបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ ក៏ប៉ុន្តែនៅសល់២គ្រួសារទៀត ដែលរឹងទទឹងមិនព្រមទទួលសំណង ដូច្នេះសូមឱ្យអាជ្ញាធរក្រុងចាត់វិធានការផ្លូវច្បាប់ ដើម្បីកុំឱ្យកកស្ទះដល់ការអនុវត្តន៍គម្រោងខាងលើនេះ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនស៊ីលស៊ុងស៊ីនកូវ័ន ដែលជាក្រុមហ៊ុនសាង់សង់ផ្លូវវាងក្រុង ត្រូវពន្លឿនការស្ថាបនាស្ពានអាកាសឱ្យបានឆាប់រួចរាល់ ក្រោយពីជំនន់ទឹកភ្លៀងបានធូរស្បើយ និងត្រូវធ្វើយ៉ាងណាដោះស្រាយការបើកមុខទឹក ដើម្បីរំដោះ ទឹក ដែលកំពុងជនលិចក្រុងពោធិ៍សាត់ ឱ្យបានឆាប់រហ័ស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភអង្ករ សម្ភារ និងថវិកា ជូនដល់រដ្ឋបាលខេត្ត សម្រាប់ចូលរួមចំណែកដោះស្រាយបញ្ហានៅចំពោះមុខ ក្នុងកាលៈទេសៈខេត្តពោធិ៍សាត់កំពុងជួបនូវបញ្ហាជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ បានចាប់ផ្តើមស្រកចុះបណ្តើរៗហើយ នេះដោយសារតែការដាក់សម្ពាធនៅផ្នែកខាងលើ នៃស្ទឹងពោធិ៍សាត់ គឺស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានស្រុតចុះ និងពុំមានភ្លៀងធ្លាក់កម្រិតមធ្យមនោះទេ។ តែទោះជាយ៉ាងនេះក្តី ក្រសួងធនធានទឹក និងឧតុនិយម នាពេលថ្មីៗនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរតំបន់ភ្នំ និងជាប់ផ្លូវទឹក ត្រូវបង្កើនការប្រុងប្រយ័ត្តខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមាន ចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា ឆ្នាំ២០២០ ដោយសារតែប្រព័ន្ធសម្ពាធទាប បានរំកិលអូស បន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរទៅច្រើន៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 27 នាទីមុន