រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ និងប្រតិភូសាខាសមាគមនារីខេត្ត ចូលរួមកាន់បិណ្ឌវេនទី៣ ជាមួយពុទ្ធបរិស័ទ ចំនួន២វត្ត ក្នុងស្រុកតាលោសែនជ័យ

  • 1.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលពោធិ៍សាត់, លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា និងលោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីថ្នាក់កណ្ដាល ព្រមទាំងសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញទៅចូលរួម ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ ជាមួយពុទ្ធបរិស័ទ នៅវត្តដំណាក់កន្សែង និងវត្តអំពួច ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

បន្ទាប់ពីការគោរពបូជាទៀនធូប ចំពោះព្រះពុទ្ធរូប និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ ព្រះសម្មាសាម្ពុទ្ធនោះរួចមក ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ព្រមទាំងសហការី និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទាន និងទ័យ្យវត្ថុ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមវត្តដំណាក់កន្សែង និងវត្តអំពួច រួមមានទានធូប ស្ករស តែ ម្លូស្លា ចង្ហាន់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកក្រូច ទឹកបរិសុទ្ធ និងបច្ច័យសម្រាប់កសាងវត្ត ព្រមទាំងប្រគេនបច្ច័យបួនសម្រាប់ព្រះសង្ឃគ្រប់អង្គផងដែរ។

លោកជំទាវ ឈឹម ស៊ីណា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្ត រួមជាមួយសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ តែងតែបានការគាំទ្រ និងចូលរួមពីបងប្អូនអាជីវករ នាំយកថវិកា និងទេយ្យទានផ្ទាល់ខ្លួន ប្រគេនដល់ព្រះសង្ឃ ក្នុងគោលបំណងចូលរួមជួយផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងទីវត្តអារាមរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ លោកជំទាវបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេ នៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា បានខិតខំថែរក្សាតាំងពីដូនតា រហូតមកដល់សព្វថ្ងៃនេះ មិនឱ្យសាបសូន្យ និងបាត់បង់ឡើយ ប្រយោជន៍ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ។

លោកជំទាវបានបន្ថែមថា ដោយស្ថានភាពកូវីដ១៩បច្ចុប្បន្ន បានធូរស្រាលបន្តិច និយាយជារួម និងនិយាយដោយឡែក នៅខេត្តពោធិ៍សាត់ ពុំទាន់មានករណីកូវីដនេះនៅឡើយ តែទោះជាយ៉ាងនេះក្តី លោកជំទាវ សូមអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវមានការធ្វេសប្រហែសឡើយ។

ជាមួយគ្នានោះដែរ លោកជំទាវ ឈឹម ស៊ីណា ក៏បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋទំាងអស់ សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។

គួរបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យកាន់បិណ្ឌដល់វត្តចំនួន៥ តាមបណ្តាក្រុងស្រុកទូទាំងខេត្ត រួមមាន៖

-បិណ្ឌទី២ ថ្ងៃទី០៤ ខែកញ្ញា វត្តឈើទាលរូង ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ និងវត្តល្អាង១២ ស្ថិតក្នុងឃុំក្រពើពីរ ស្រុកវាលវែង

-បិណ្ឌទី៣ ថ្ងៃទី០៥ ខែកញ្ញា វត្តដំណាក់កន្សែង ស្ថិតក្នុងឃុំតាលោ និងវត្តអំពួច ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ

-បិណ្ឌទី១២ ថ្ងៃទី១៤ ខែកញ្ញា វត្តហង្សាបីតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង